សង្គ្រាមអ៊ុយក្រែន ធ្វើឱ្យរុស្ស៊ីប្រើរំសេវអស់ពីស្តុក និងងាកទៅប្រើរំសេវទុកចោលច្រើនទសវត្សរ៍

ដោយៈ សុខុម

វ៉ាស៊ីនតោន: រុស្សី ពេលនេះកំពុងងាកទៅប្រើរំសេវ ដែលទុកចោលច្រើនទសវត្សរ៍ដែលមានអត្រាស្អុយ ឬមិនផ្ទុះខ្ពស់ ខណៈសង្គ្រាមឈ្លានពានអ៊ុយក្រែន ដែលបន្តអូសបន្លាយជិត១០ខែមកនេះ ធ្វើឱ្យខ្លួនប្រើរំសេវរហូតអស់ពីស្តុក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៣ ខែធ្នូ។

មន្ត្រីយោធាជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក បានទម្លាយឱ្យដឹងកាលពីថ្ងៃច័ន្ទ ទី១២ ខែធ្នូ ក្នុងលក្ខខណ្ឌអនាមិក “រុស្ស៊ី បានទាញយកស្តុករំសេវចាស់ៗដែលនេះបង្ហាញថា ពួកគេបង្ខំចិត្តប្រើប្រាស់រំសេវចាស់ៗទាំងនោះ ដែលខ្លះផលិតឡើងតាំងពីដើមជាង៤០ឆ្នាំមុន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិកចោទប្រកាន់រុស្ស៊ី ថាងាកទៅពឹងពាក់អ៊ីរ៉ង់ និងកូរ៉េខាងជើង ដើម្បីរកទិញសព្វាវុធបន្ថែមទៀត ខណៈរុស្ស៊ី ប្រើរំសេវរហូតអស់ពីស្តុក។

ប្រភពដដែលបានវាយតម្លៃថា រុស្ស៊ី នឹងប្រើប្រាស់រំសេវល្អៗអស់ពីស្តុកទាំងស្រុងនៅដើមឆ្នាំ២០២៣ ប្រសិនបើមិនងាកទៅពឹងពាក់អ្នកផ្គត់ផ្គង់បរទេស និងប្រើស្តុករំសេវចាស់ៗទេនោះ។

ប្រភពដដែលបានគូសបញ្ជាក់ថា ការប្រើប្រាស់ស្តុករំសេវចាស់ៗគឺមានហានិភ័យខ្លាំងណាស់។

មន្ត្រីអាមេរិក និងអ៊ុយក្រែនបានទម្លាយឱ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានបញ្ជូយន្តហោះដ្រូនវាយប្រហារទៅឱ្យរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។

ទន្ទឹមនេះ រុស្ស៊ី ក៏កំពុងព្យាយាមទិញកាំជ្រួចមីស៊ីល រាប់រយពាន់គ្រាប់ពីប្រទេសអ៊ីរ៉ង់ផងដែរ ហើយជាថ្នូរ រុស្ស៊ីបានសន្យាជួយផ្ដល់ការគាំទ្រ ដល់អ៊ីរ៉ង់ ផ្នែកយោធា និងបច្ចេកទេសក្នុងកម្រិតមិនធ្លាប់មាន។ នេះបើយោងតាមប្រេសិតរបស់អង់គ្លេស ប្រចាំអង្គការសហប្រជាជាតិបានទម្លាយឱ្យដឹងកាលពីថ្ងៃសុក្រ សប្ដាហ៍មុន៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here