ដោយ: លាងហួរ
ប៉េកាំង: យោងតាមអ្នកនាំពាក្យរបស់ប្រទេសចិន បានឱ្យដឹងមកថា ប្រទេសចិន ជំរុញឱ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មរបស់ខ្លួន ចេញពីមន្ត្រីរបស់ខ្លួជាបន្ទាន់ ហើយឈប់ជ្រៀតជ្រែកក្នុងកិច្ចការតំបន់ទីបេ។
ការកត់សម្គាល់ របស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍មុន បានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ចិនចំនួន២រូប ជុំវិញអ្វីដែលពួកគេចោទថាជា ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ នៅក្នុងតំបន់ស្វយ័តទីបេ។
លោក Wang បានអះអាងថា ភាគីអាមេរិកបានដាក់ទណ្ឌកម្មខុសច្បាប់លើមន្ត្រីចិន នៅក្រោមច្បាប់ក្នុងស្រុក និងយកលេសនៃបញ្ហាសិទ្ធិមនុស្សនៅទីបេ ដើម្បីជ្រៀតជ្រែក យ៉ាងធ្ងន់ធ្ងរក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន រំលោភលើបទដ្ឋានជាមូលដ្ឋាន ក្នុងទំនាក់ទំនងអន្តរជាតិ និងធ្វើឱ្យខូចទំនាក់ទំនងចិន-អាមេរិកយ៉ាងធ្ងន់ធ្ងរ។
លោក Wang បានបញ្ជាក់ថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងថ្កោលទោសយ៉ាងខ្លាំង ចំពោះបញ្ហានេះ។
លោកបានបន្តថា សហរដ្ឋអាមេរិកគ្មានសិទ្ធិដាក់ទណ្ឌកម្ម ចំពោះប្រទេសដទៃ ហើយអាមេរិកក៏មិនមានតួនាទីជាប៉ូលីស នៃពិភពលោកនោះដែរ។
លោកWang បានបន្ថែមថា ប្រទេសចិននឹងចាត់វិធានការប្រកបដោយប្រសិទ្ធភាព និងរកដំណោះស្រាយ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន៕