ដោយ: លាងហួរ
រុស្ស៊ី: អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យម្សិលមិញនេះថា ប្រទេសរុស្ស៊ីកំពុងបង្កើនការផលិតអាវុធជំនាន់ថ្មី ដើម្បីការពារខ្លួនពីសត្រូវនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអូស្ត្រាលី។
លោក Dmitry Medvedev បានសរសេរនៅលើបណ្តាញ Telegram ថា “យើងកំពុងបង្កើនការផលិតនូវសព្វាវុធដ៏មានឥទ្ធិពលខ្លាំងបំផុត ដោយផ្អែកលើគោលការណ៍ថ្មី”។
លោកបានមានប្រសាសន៍បន្តថា “សត្រូវរបស់យើងបានឈរជើងមិនត្រឹមតែនៅខេត្តគៀវ នៃដែនដីម៉ាឡូរ៉ូសស៊ីយ៉ា ដែលជាទឹកដីដើមរបស់យើងនៅសតវត្សរ៍ទី១៧ប៉ុណ្ណោះទេ ប៉ុន្តែសត្រូវរបស់យើងក៏ឈរជើងនៅក្នុងអឺរ៉ុប អាមេរិកខាងជើង ជប៉ុន អូស្ត្រាលី នូវែលសេឡង់ និងកន្លែងមួយចំនួនទៀតដែលមានភក្ដីភាពចំពោះពួកណាស៊ីផងដែរ”។
ទោះបីជាយ៉ាងណា លោក Medvedev ដែលមានតួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី មិនបានផ្តល់ព័ត៌មានលម្អិតអំពីអាវុធនេះទេ។
លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយម្តងហើយម្តងទៀតថា រុស្ស៊ី បាននិងកំពុងអភិវឌ្ឍអាវុធប្រភេទថ្មី រួមទាំងអាវុធល្បឿនលឿនជាងសំឡេង ដែលលោកមានអំនួតថា អាចគេចផុតពីប្រព័ន្ធការពារមីស៊ីល ដែលមានស្រាប់ទាំងអស់។
ប្រមុខវិមានក្រឹមឡាំងបានអះអាងថា កាំជ្រួចនាវាចរណ៍ និងប្រព័ន្ធល្បឿនលឿនជាងសំឡេងរបស់រុស្ស៊ីមានភាពទំនើបជាង និងមានប្រសិទ្ធភាពជាងមីស៊ីលនៅក្នុងសហរដ្ឋអាមេរិក៕