ប្រទេសកម្ពុជាស្រូបបានទេសចរជាង៧១ម៉ឺននាក់ទស្សនាបុណ្យសមុទ្រនៅខេត្តព្រះសីហនុ

ដោយ៖ សុផារី

ព្រះសីហនុ៖ យោងតាមរបាយការណ៍របស់​មន្ទីរទេសចរណ៍​ខេត្តព្រះសីហនុ មានភ្ញៀវទេសចរជាតិ អន្តរជាតិ និងពលរដ្ឋក្នុងខេត្ត បានចូលរួមដើរកម្សាន្តក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រជុំទី៣ លើកទី៩ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ មានប្រមាណជាង៧១ម៉ឺននាក់ កើន២៩% ធៀបនឹង ​បុណ្យសមុទ្រខេត្តព្រះសីហនឆ្នាំ២០១៧។

ព្រឹត្តិការណ៍បុណ្យសមុទ្របានផ្តល់ភាព​សប្បាយរីករាយ ​និងជំរុញឱ្យខេត្តព្រះសីហនុ ​និងខេត្តជាប់សមុទ្រផ្សេងទៀតមានឱកាសផ្សព្វផ្សាយគោលដៅទេសចរណ៍របស់ខេត្ត ទាក់ទាញ​ភ្ញៀវទេសចរជាតិអន្តរជាតិ ទស្សនា​បានច្រើនថែមទៀត។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងថា ក្នុងឱកាសបិទកម្មវិធីបុណ្យសមុទ្រ​នៅថ្ងៃទី​យប់​ថ្ងៃទី១១ខែធ្នូនេះថា ​មូលហេតុខេត្តព្រះសីហនុ ​មានមកទស្សនាបុណ្យសមុទ្រច្រើនកុះករខ្លាំង គឺ​ដោយសារ ខេត្តព្រះសីហនុ មានសំណង់​អគារខ្ពស់ៗរីកចំរើន ​មាន​ឆ្នេរសមុទ្រស្អាត​ និងមានផ្លូវ​ល្បឿនលឿន ​ហើយតាមរយៈការមានកំណើន​ភ្ញៀវទេសចរជាតិ​អន្តរជាតិនេះ បានធ្វើឲ្យ​ខេត្តមាន​កំណើន​សេដ្ឋកិច្ចកើនឡើងជាលំដាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក គួច ចំរើន បញ្ជាក់ថា តាមរយៈកំណើនសេដ្ឋកិច្ចនេះបានធ្វើឱ្យប្រាក់ចំណូល​ជា​មធ្យម​របស់ពលរដ្ឋម្នាក់ៗ​នៅក្នុងខេត្តព្រះសីហនុ ​មានទំហំប្រមាណ៤.១៨០ដុល្លារ​អាមេរិក​ ក្នុង​មួយឆ្នាំ និង​បានកាត់បន្ថយភាព​ក្រីក្រ​មកនៅត្រឹម១,៨៦% នៅក្នុងឆ្នាំ២០២២នេះ។

បុណ្យសមុទ្រនេះមានកម្មវិធីកម្សាន្តសប្បាយជាច្រើន​ ដូចជា កម្មវិធីតាំងពិព័រណ៍​បង្ហាញ​សមិទ្ធផល​រាជ​រដ្ឋាភិបាលកម្ពុជា​ និងបណ្តាស្ថានទូតនានានៅកម្ពុជា ការ​តាំង​ពិព័រណ៍​មហោស្រព​ម្ហូបអាហារ​ សំលៀកបំពាក់​ ផលិតផលភូមិ១ផលិតផល១ កម្មវិធី​ប្រគុំ​តន្ត្រីប្រមាណបីទីតាំងធំៗ​ កម្មវិធីប្រកួតកីឡាកម្សាន្ត ​និងមានកម្មវិធីកម្សាន្តតូចៗជាច្រើន ដែល​គ្រប់កម្មវិធីទាំងនោះ ​គឺមានភ្ញៀវទេសចរជាតិអន្តរជាតិ ​និងពលរដ្ឋ ចូលទស្សនា និងទិញផលិតផលជាច្រើនកុះករ៕

LEAVE A REPLY

Please enter your comment!
Please enter your name here