ដោយ: លាងហួរ
បាងកក: យោងតាមលោកអគ្គនាយក Lavaron Sangsnit បានឱ្យដឹងថា នាយកដ្ឋានចំណូល នឹងសម្រេចបាននូវគោលដៅ ប្រមូលប្រាក់ចំណូលចំនួន២,២ពាន់ពាន់លានបាត (៦៣,២៣ពាន់លានដុល្លារ)ក្នុងឆ្នាំសារពើពន្ធ២០២៣។
លោកបានបន្តថា ការប្រមូលចំណូលក្នុងខែតុលា និងខែវិច្ឆិកា ដែលជារយៈពេលពីរខែដំបូង នៃឆ្នាំសារពើពន្ធឆ្នាំ២០២៣ បានកើនឡើងលើសពីគោលដៅ។
លោកLavaron បានបន្ថែមថា អាជីវកម្មជាច្រើនមានសកម្មភាពឡើងវិញបន្ទាប់ពីប្រទេសថៃ បានបើកដំណើរការឡើងវិញយ៉ាងពេញលេញ ជាពិសេសវិស័យលក់រាយ និងដឹកជញ្ជូន ហើយវិស័យលក់រាយ និងភស្តុភារ ត្រូវបានគេរំពឹងថា នឹងបន្តក្លាយជាអ្នករួមចំណែកដ៏សំខាន់ ដល់ប្រាក់ចំណូលរបស់ប្រទេស។
លោកបានបញ្ជាក់ថា នាយកដ្ឋាននេះ កំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីប្រមូលប្រាក់ចំណូល ប៉ុន្តែប្រទេសថៃអាចប្រឈមនឹងហានិភ័យ ពីវិបត្តិសេដ្ឋកិច្ចសកល ដែលអាចកើតមាននៅឆ្នាំក្រោយ។
បច្ចុប្បន្ននេះ ទីភ្នាក់ងារនាយកដ្ឋាន បានដាក់ពង្រាយប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធទិន្នន័យធំ ដើម្បីជំរុញការប្រមូលចំណូលរបស់ខ្លួន។
លោក Lavaron បានមានប្រសាសន៍ថា នាយកដ្ឋានចំណូល នឹងបន្តអភិវឌ្ឍប្រព័ន្ធ AI ដើម្បីជួយចាប់អ្នកគេចពន្ធ៕