ទំនាក់ទំនងអាមេរិកនិងចិនប្រឈមនឹងភាពមិនច្បាស់លាស់ជាថ្មី ខណៈទីក្រុងវ៉ាស៊ីនតោនគ្រោងបង្កើនការលក់អាវុធទៅឱ្យកោះតៃវ៉ាន់

ដោយ: លាងហួរ

ប៉េកាំង: ក្រោយពីថ្នាក់ដឹកនាំអាមេរិក និងចិនបានជួបទល់មុខគ្នាមិនទាន់បានកន្លងផុត១ខែផង ទំនាក់ទំនងរវាងប្រទេសទាំង២ ក៏ប្រឈមនឹងភាពមិនច្បាស់លាស់ជាថ្មី ខណៈទីក្រុងវ៉ាស៊ីនតោន បានត្រៀមចុះហត្ថលេខាលើការលក់អាវុធថ្មីដល់ទីក្រុងតៃប៉ិ។

សេតវិមានអាមេរិក បានប្រកាសលក់គ្រឿងបន្លាស់យន្តហោះ ដែលមានតម្លៃជាង៤២៥លានដុល្លារអាមេរិកទៅឱ្យតៃវ៉ាន់ ដើម្បីគាំទ្រកងនាវាចម្បាំងF-16 យន្តហោះដឹកជញ្ជូនC-130 និងប្រព័ន្ធអាវុធផ្សេងទៀត ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងការបរទេសអាមេរិកបានអះអាងថា ការលក់អាវុធនេះ បម្រើផលប្រយោជន៍ជាតិ សេដ្ឋកិច្ច និងសន្តិសុខរបស់សហរដ្ឋអាមេរិក ដោយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អតិថិជន ដើម្បីរក្សាបាននូវសមត្ថភាពការ​ពារខ្លួន ដែលអាចជឿទុកចិត្តបានរបស់ពួកគេ។

ទីក្រុងប៉េកាំងបានឆ្លើយតប កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ការលក់អាវុធ គឺមានគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់។

ប្រទេសចិនបានសម្តែងការមិនពេញចិត្ត និងប្រឆាំងយ៉ាងដាច់ខាត ចំពោះការលក់អាវុធទៅឱ្យកោះតៃវ៉ាន់។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បានមានប្រសាសន៍ថា យើងនឹងចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់យើងយ៉ាងរឹងមាំ។

លោកស្រី Mao បានថ្កោលទោសកិច្ចព្រមព្រៀងនេះថា បានរំលោភលើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ ខែសីហា រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ដែលបានសន្និដ្ឋានថា សហរដ្ឋអាមេរិកនឹងកាត់បន្ថយ និងដាក់កម្រិតបរិមាណលើការលក់អាវុធ នាពេលអនាគតរបស់ខ្លួនទៅឱ្យកោះតៃវ៉ាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here