ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មរដ្ឋចិន និងស្ថាប័នហិរញ្ញវត្ថុសហការគ្នាដើម្បីបញ្ចៀសហានិភ័យនៃវិស័យអចលនទ្រព្យ

ដោយ: លាងហួរ

ប៉េកាំង: ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មរដ្ឋធំៗចំនួន៤ របស់ប្រទេសចិន បានចូលរួមជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត ដើម្បីស្វែងរកវិធីសាស្រ្តផ្សេងៗ ដើម្បីបញ្ចៀសហានិភ័យក្នុងវិស័យអចលនទ្រព្យ និងបង្កើតដំណោះស្រាយសមស្រប សម្រាប់កាត់បន្ថយការលំបាក របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ។

យោងតាមសារាចរ ដែលចេញផ្សាយរួមគ្នាដោយធនាគារប្រជាជនចិន និងគណៈកម្មការនិយតកម្មធនាគារ និងធានារ៉ាប់រងរបស់ប្រទេសចិនបានឱ្យដឹងថា ប្រទេសនេះបានលើកទឹកចិត្ត ឱ្យក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុចរចា ជាមួយរដ្ឋបាលក្នុងតំបន់ ធនាគារពាណិជ្ជ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យនានា ទាក់ទងនឹងគំរូសម្រាប់កាត់បន្ថយហានិភ័យ នៃវិស័យអចលនទ្រព្យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋាភិបាលចិន ក៏គាំទ្រដល់ធនាគារពាណិជ្ជ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម AMCs ក្នុងការបោះផ្សាយមូលបត្របំណុលហិរញ្ញវត្ថុ ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ការទិញយកគម្រោងអចលនទ្រព្យ។

លោក Yan Yuejin នាយកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ E-house China ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានមានប្រសាសន៍ថា វិធានការចំនួន១៦ ដែលបានប្រកាសនាពេលថ្មីៗនេះដោយធនាគារកណ្តាល និងគណៈកម្មការនិយតកម្មធនាគារ និងធានារ៉ាប់​រងចិន(CBIRC)ដើម្បីធានាឱ្យមានការអភិវឌ្ឍ ប្រកបដោយស្ថិរភាពនៃវិស័យអចលនទ្រព្យ បានបង្កើនស្ថានភាពទីផ្សាររបស់AMCs ក្នុងការដោះស្រាយគម្រោងលំនៅដ្ឋាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here