ក្រសួងទេសចរណ៍នឹងប្រារពវេទិកាទេសចរណ៍នៅខេត្តព្រះសីហនុ ម្តងទៀតនៅឆ្នាំ២០២៣

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្រសួង​ទេសច​រណ៍ ​សហការ​ជាមួយ​អាជ្ញា​ធរ​ខេត្ដ​ព្រះ​សីហនុ​ បាននិងកំពុងត្រៀម​រៀបចំ​ វេទិកា​ទេស​ចរណ៍​មេគង្គ​ឆ្នាំ​២០២៣​ ក្រោម​ប្រធាន​បទ “ការ​គិត​គូរ​ឡើង​វិញ​ពី​ភាព​ធន់ ​និង​ប្រព័ន្ធ​ឌីជីថល ​ក្នុង​វិស័យ​ទេស​ចរណ”។

វេទិកានេះ នឹងប្រារពឡើងចាប់​ពី​ថ្ងៃទី​២៤ ដល់​២៨ ​ខែមេសា​ ឆ្នាំ​២០២៣​ ខាង​មុខ​។

យោង​តាម​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រសួង​ទេស​ចរណ៍ បា​ន​ឱ្យដឹង​កាលពីថ្ងៃទី៨ ធ្នូ ថា​ លោក ថោង ​រដ្ឋ​សក្តិ ​អគ្គ​នាយក​អភិ​វឌ្ឍន៍​ទេស​ចរណ៍ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ និង​លោក មីន ​កុម្ភៈ អភិបាលរ​ងខេត្ត​ព្រះ​សីហនុ បាន​ដឹកនាំ​កិច្ច​ប្រជុំ​ពិ​ភាក្សា ​និង​ផ្តល់​យោបល់​ស្ដីពី​ដំណើរ​ការ ធ្វើជា​ម្ចាស់​ផ្ទះ​វេទិកា​ទេស​ចរណ៍​មេគង្គ​​នៅ​កម្ពុជា កាល​ពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២២​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ថោង រដ្ឋ​សក្តិ ​ត្រូវបាន​ដក​ស្រង់​សម្ដី​ដោយ​លោក​បាន​ថ្លែង​ថា​ “ការរ​រៀបចំ​វេទិកា​ទេស​ចរណ៍​មេគង្គ ឆ្នាំ​២០២៣​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ចូល​រួមចំ​ណែក​ក្នុងការ​ស្តារ​ឡើងវិញ ​វិស័យ​ទេសច​រណ៍និង​ជំរុញ​ផ្សព្វ​ផ្សាយ​គោល​ដៅ​ទេស​ចរណ៍ ​របស់​ប្រទេស​មហា​អនុ​តំបន់ (Great Mekong Sub-region) ឱ្យ​កាន់​តែ​ផុល​ផុស​បន្ថែម​ទៀត”។​

លោក​បន្ដថា “​ដោយ​ឡែក​សម្រាប់​កម្ពុជានឹង​យក​វេទិកានេះ ដើម្បី​ជំរុញ​ផ្សព្វ​ផ្សាយ​ សម្រាប់​យុទ្ធនា​ការ​ទស្សនា​កម្ពុជា​ឆ្នាំ២​០២៣ (Visit Camb​odia Year 2023) និង​កា​រធ្វើជា​ម្ចាស់​ផ្ទះ ​នៃ​ការប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣ (32th SEA Games and 12th Para Games 2023) ផង​ដែរ”។​

ជាមួយគ្នានេះ លោក មីន កុ​ម្ភៈ បាន​អរគុណ​ដល់​ក្រសួងទេសចរណ៍ដែល​តែងតែ​យកចិត្តទុកដាក់​ លើ​ការ​អភិវឌ្ឍ​វិស័យ​ទេស​ចរណ៍ នៅ​ខេត្ត​ព្រះ​សីហនុ ការ​អភិវឌ្ឍ​ផលិត​ផល​ទេស​ចរណ៍​ថ្មីៗ ​ការ​រៀប​ចំ​គោលដៅ​ទស្សនា និង​ការរៀបចំ​ព្រឹត្តិ​ការណ៍​សំខាន់ៗ​នានា​។​

លោកបាន​បន្ត​ថា ​ខេត្ត​ព្រះ​សីហនុ​ មាន​កិត្តិ​យស​ធ្វើជា​ម្ចាស់ផ្ទះ​វេទិកា​ទេស​ចរណ៍​មេគង្គ​ឆ្នាំ​២០២៣ ​ដែល​នឹង​ទទួល​ភ្ញៀវ​ជាតិ ​និង​អន្តរ​ជាតិ​ដោយ​ផ្ទាល់​ប្រមាណ២០០​រូប ​ហើយ​រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ​ បាន​ត្រៀម​ខ្លួន​ជា​ស្រេច​គ្រប់​រូបភាព​ ដើម្បី​ជ្រោម​ជ្រែង​កម្មវិធី​ខាង​លើ ​ឱ្យ​ប្រ​ព្រឹត្ត​ទៅ​ដោយ​រលូន និង​ទទួល​បាន​ផ្លែ​ផ្កា៕

LEAVE A REPLY

Please enter your comment!
Please enter your name here