ទំហំពាណិជ្ជកម្មនាំចេញ ចូលរបស់SSEZសម្រេចបានទំហំទឹកប្រាក់ជាង២២០០លានដុល្លារ

ដោយៈ គង់ ម៉ាលីនណា

       ព្រះសីហនុៈ របាយការណ៍បានបង្ហាញថា  ទំហំទឹកប្រាក់ពីការ​នាំ​ចូល​- ​ចេញ​ទំនិញ​របស់​បណ្តា​រោងចក្រ​/ សហគ្រាស​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេ​ស​ក្រុង​ព្រះសីហនុ​(SSEZ) សម្រេចបានទំហំ​ទឹក​ប្រាក់​សរុប​ជាង ២,២​ពាន់​លាន​ដុល្លារ ​កើន​ជាង១២​ភាគ​រយ ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២១។ នេះ​បើ​តាម​ទិន្នន័យ​របស់SSEZ។

យោងតាមទិន្នន័យ​ SSEZ ដែល​ទើប​ចេញ​ផ្សាយ​បាន​ឱ្យ​ដឹងកាលពីសប្តាហ៍មុន​ថា ក្នុង​រយៈ​ពេល​១១​ខែ​ឆ្នាំ​២០២២ ការ​នាំ​ចូល-​នាំ​ចេញ​ទំនិញ​របស់​រោងចក្រ​/សហគ្រាស ​នៅ​ក្នុង SSEZ មាន​ទឹក​ប្រាក់​សរុប២ ២៤៦​លាន​ដុល្លារ ​កើន​ឡើង១២,២៤​ភាគ​រយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០២១ ដែល​មាន​ចំនួន២០០១​លាន​ដុល្លារ។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោកឧកញ៉ាលឹម ហេងបានមាន​ប្រសាសន៍ឲ្យដឹងថា មាន​កត្តា​ជា​ច្រើន ​ដែល​ធ្វើ​ឱ្យ​សកម្ម​ភាព​នាំ​ចូល​-នាំចេញ​ទំនិញ ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ក៏​ដូច​ជា​តំបន់​សេដ្ឋកិច្ច​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស​កើន​ឡើង ដែល​រួម​មាន​ដូច​ជា ស្ថិរ​ភាព​នយោ​បាយទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ ច្បាប់​វិនិយោគ​មាន​លក្ខណៈ​អំណោ​យ​ផល និង​មាន​ទីផ្សារ​នាំ​ចេញ​ទូលំ​ទូលាយ​។

លោកបន្តថា “កំណើន​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​ របស់​កម្ពុជា​ត្រូវ​រំពឹង​ថា នឹង​មាន​កំណើន​កាន់​តែ​ខ្ពស់ ព្រោះ​ប្រទេស​កម្ពុជា​កំពុង​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​កាន់​តែ​ល្អ ​ជាមួយ​ប្រទេស​ជា​ច្រើន​លើ​ពិភព​លោក ហើយ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម ​ដែល​កម្ពុជា​មាន​ចុះ​ហត្ថលេខា​ជា​មួយ​ប្រទេស​ដៃគូ ក៏​មាន​ចំនួន​កាន់​តែ​ច្រើន​ផង​ដែរ​”។

​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ គឺ​មាន​រោង​ចក្រ​ជា​ច្រើន​ដូច​ជា សម្លៀក​បំពាក់ គ្រឿង​បរិក្ខារអគ្គិសនី គ្រឿង​សង្ហា​រិម បរិក្ខា​រធ្វើ​ដំណើរ និង​ខ្សែកាប ជាដើម​។

យោងតាមទិន្នន័យ​ពី​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បង្ហា​ញ​ថា ក្នុង​រយៈ​ពេល១០​ខែឆ្នាំ​២០២២ ការ​នាំ​ចូល-នាំ​ចេញ​របស់​កម្ពុជា មាន​ទឹក​ប្រាក់​សរុបជាង៤៤,៥៦៥​លាន​ដុល្លារ កើន​ឡើង១៤,៩​ភាគ​រយ ​ធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here