មន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងអង់គ្លេសបើកកិច្ចប្រជុំផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ អគ្គនាយករងពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្ម លោកថុល ណារ៉ា បានទទួលជួបប្រតិភូចក្រភពអង់គ្លេស ដើម្បីពិភាក្សាលើក្របខណ្ឌកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និងកាលានុវត្តភាពនាពេលអនាគត។

លោក ថុល ណារ៉ា អគ្គនាយករងពាណិជ្ជកម្មអន្តរជាតិ ជាតំណាងឯកឧត្តមអគ្គនាយ កពាណិជ្ជកម្មអន្តរជាតិ បានទទួលជួបប្រតិភូចក្រភពអង់គ្លេស ដែលដឹកនាំដោយលោកStewart Clayton ប្រធានទទួលបន្ទុកផ្នែកពាណិជ្ជកម្មចក្រភពអង់គ្លេសប្រចាំកម្ពុជា អមដោយកញ្ញាPriya Soniមន្រ្តីទទួលបន្ទុក ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា -ចក្រភពអង់គ្លេស និងលោក Iain Frenkiel មន្រ្តីទទួលបន្ទុកបើកច្រកទីផ្សារប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីផ្លាស់ប្តូរកិច្ចពិភាក្សាលើវឌ្ឍនភាព និងកាលានុវត្តភាព នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី ជាពិសេសកិច្ចសម្រួលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានលើកឡើងពីសារៈសំខាន់នៃចំណងមិត្តភាព និងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរជាពិសេសខណៈពេលដែលប្រទេសទាំងពីរ គ្រោងនឹងប្រារព្ធខួបអនុស្សាវរីយ៍ទំនាក់ទំនងការទូតរយៈពេល៧០ឆ្នាំ នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកថុល ណារ៉ាបានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលអង់គ្លេសសម្រាប់ការផ្តល់ប្រព័ន្ធអនុគ្រោះ ពាណិជ្ជកម្មដល់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច រួមមានកម្ពុជាផងដែរ ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបានស្នើសុំឱ្យមានការជួយគាំទ្រ ដល់កម្ពុជាបន្ថែមក្នុងខណៈពេលដែលប្រទេសកម្ពុជា នឹងចាកចេញពីក្របខណ្ឌ ប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ។

ដើម្បីចាប់យកកាលានុវត្តភាព នៃពាណិជ្ជកម្មទ្វេភាគីនាពេលអនាគត ជាពិសេសលើការជំរុញ ទំនាក់ទំនងកាន់តែជិតស្និទ្ធិ រវាងវិស័យឯកជននៃប្រទេសទាំងពីរ កិច្ចប្រជុំក៏បានពិភាក្សា និងពិនិត្យលទ្ធភាពរៀបចំអនុស្សរណៈនៃការយោគយល់គ្នា រវាងកម្ពុជានិងចក្រភពអង់គ្លេសស្តីពី ការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នានាពេលខាងមុខ ដែលអនុស្សរណៈនៃការយោគយល់នេះ នឹងក្លាយជាឧបករណ៍សម្រាប់តភ្ជាប់ទំនាក់ទំនង វឌ្ឍនភាពកិច្ចសហប្រតិបត្តិការ និងចែករំលែកនូវកាលានុវត្តភាពនានា រវាងដៃគូធុរកិច្ចនៃប្រទេសទាំងពីរ។

ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា -ចក្រភពអង់គ្លេស ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២២ សម្រេចបានទឹកប្រាក់៨៣៧.៦៦ លានដុល្លារអាមេរិក កើនឡើងជិត៧% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here