កម្ពុជានិងសាធារណរដ្ឋកូរ៉េនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង៣មានទឹកប្រាក់ជិត២ពាន់លានដុល្លារអាមេរិក

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ នៅថ្ងៃទី០៩ ខែ ធ្នូ ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាគម្រោងមួយចំនួន រវាងប្រទេសកម្ពុជានិងកូរ៉េខាងត្បូង ដែលមានទំហំទឹកប្រាក់ជិត២ពាន់លានដុល្លារអាមេរិក។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៨ ធ្នូ ២០២២នេះ ឱ្យដឹងថា នៅថ្ងៃទី០៩ ធ្នូ២០២២ កម្ពុជានិងកូរ៉េខាងត្បូងនឹងចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ចំនួន៣ រួមមាន កិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្តិអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២ – ២០២៦ ដែលមានទឹកប្រាក់ចំនួន១៥០០លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀងនេះ នឹងចុះហត្ថលេខាដោយលោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងលោកប៉ាក ហឹងឃ្យង ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រៅពីនេះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កម្ពុជា លោក អូន ព័ន្ធមុនីរ័ត្ន និង លោកស្រីMinnie CHEY ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច នៃធនាគារនីហ័រណ អាហ័រណកូរ៉េប្រចាំប្រទេសកម្ពុជា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទាន សម្រាប់គម្រោងចំនួន២ រួមមាន គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ ដែលមានទឹកប្រាក់ចំនួន៧០លានដុល្លារអាមេរិក និង គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលសាងសង់ពីទីតាំងផ្សារចាស់ ទៅជ្រោយចង្វារ និងពីជ្រោយចង្វារទៅអរិយក្សត្រ មានទឹកប្រាក់ចំនួន២៤៥,៩១លានដុល្លារអាមេរិក ។

អ្វីដែលគួរកត់សម្គាល់បំផុត និងពលរដ្ឋរង់ចាំនោះ គឺស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្នំពេញ-អរិយក្សត្រ ដែលនឹងសាងសង់នៅឆ្នាំ២០២៣ខាងមុខនេះ ហើយពលរដ្ឋនៅរាជធានីភ្នំពេញ និងអរិយក្សត្រ នឹងងាយស្រួលក្នុងការធ្វើដំណើរទៅវិញទៅមកបានគ្រប់ពេលវេលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here