ក្រុមប្រឹក្សាភិបាលនៃការវិនិយោគលើកទឹកចិត្តដល់ក្រុមហ៊ុន Tesla ចូលមកបណ្តាក់ទុនវិនិយោគក្នុងប្រទេសថៃ

ដោយ: លាងហួរ

បាងកក: ក្រុមប្រឹក្សាភិបាលនៃការវិនិយោគថៃ (BOl) កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកទឹកចិត្តក្រុមហ៊ុនTesla Thailand ដែលទើបនឹងបង្កើតថ្មី ដើម្បីបោះទុនវិនិយោគក្នុងអាជីវកម្ម រថយន្តអគ្គិសនី(EV)នៅប្រទេសថៃ។

លោក Narit Therdsteerasukdi អគ្គលេខាធិការក្រុមប្រឹក្សាភិបាលនៃការវិនិយោគថៃបានមានប្រសាសន៍ថា ក្រុមហ៊ុន Tesla អាចចាប់អារម្មណ៍ លើគម្រោងវិនិយោគរថយន្តអគ្គិសនី(EV) ដោយសារតែរដ្ឋាភិបាលបានប្រកាស ពីគោលនយោបាយច្បាស់លាស់ ក្នុងការលើកកម្ពស់វិស័យរថយន្តជំនាន់ថ្មី។

លោក​បាន​ថ្លែង​ដូច្នេះ នៅក្នុង​ពិធី​សម្ពោធ​រថយន្ត Tesla ចំនួន២ម៉ូដែល​ជា​ផ្លូវ​ការ​គឺ Model 3 ដែល​មាន​តម្លៃ​ចន្លោះ​ពី១,៧៥ ទៅ២,៣លាន​បាត និង Model Y ដែល​មាន​តម្លៃ​ចាប់​ពី១,៩៥ទៅ២,៥លាន​បាត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា “យើងជឿជាក់ថា វាជាសញ្ញាល្អ ដែលក្រុមហ៊ុន Tesla ដាក់លក់រថយន្តរបស់ខ្លួននៅក្នុងប្រទេសថៃ ហើយប្រទេសថៃគឺជាប្រទេសទី២ក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី ដែលក្រុមហ៊ុន Tesla បានដាក់លក់រថយន្តរបស់ខ្លួន”។

ក្រុមហ៊ុនផលិតរថយន្ត EV ដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់មួយនេះ គ្រោងនាំចូលរថយន្តពីរោងចក្រដំឡើងរថយន្តរបស់ខ្លួន នៅក្នុងប្រទេសចិនទៅកាន់ប្រទេសថៃ ប៉ុន្តែក្រុមហ៊ុនTesla មិនមានគម្រោងវិនិយោគរថយន្តEV នៅប្រទេសថៃនោះទេ។

យោងតាម ​​BoI បានឱ្យដឹងថា ក្រុមហ៊ុន Tesla មិនចូលរួមក្នុងកញ្ចប់លើកទឹកចិត្ត EV របស់រដ្ឋាភិបាលថៃ ដែលផ្តល់ការកាត់ពន្ធ និងឧបត្ថម្ភធន ដើម្បីលើកកម្ពស់ការផលិត និងការប្រើប្រាស់EV នៅឆ្នាំ២០២២និងឆ្នាំ២០២៣នោះទេ។

BoI ក៏បានដឹងថា ក្រុមហ៊ុន Tesla កំពុងពិភាក្សាជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ីអំពីលទ្ធភាព នៃការវិនិយោគនៅទីនោះ ខណៈប្រទេសឥណ្ឌូនេស៊ីមានការផ្គត់ផ្គង់ធាតុនីកែល ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលជាសមាសធាតុសំខាន់នៅក្នុងការផលិតអាគុយលីចូម។

លោក Narit បាន​មានប្រសាសន៍បន្ថែមថា យើង​ត្រូវ​ខិតខំប្រឹងប្រែង​ដើម្បី​លើក​ទឹកចិត្ត​ក្រុមហ៊ុន Tesla ឱ្យ​បោះទុនវិនិយោគ​នៅ​ប្រទេស​ថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here