ឧស្សាហកម្មបច្ចេកវិទ្យារបស់អឺរ៉ុបខាតបង់រហូតដល់ទៅ៤០០ពាន់ លានដុល្លារក្នុងឆ្នាំ២០២២

ដោយៈ សុខុម

ក្រុងឡុងដ៍: ឧស្សាហកម្មបច្ចេកវិទ្យារបស់អឺរ៉ុប បានខាតបង់រហូតដល់ទៅ៤០០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ហើយហិរញ្ញប្បទានមូលធនបណ្តាក់ទុនបានធ្លាក់ចុះដល់ទៅ១៨%។ នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុនបណ្តាក់ទុនអឺរ៉ុប Atomico។

ទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃពុធ ទី៧ ខែធ្នូ ថា តម្លៃរួមបញ្ចូលគ្នា នៃក្រុមហ៊ុនបច្ចេកវិទ្យាសាធារណៈ និងឯកជនទាំងអស់នៅអឺរ៉ុប បានធ្លាក់ពី៣,១ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២១ មកនៅត្រឹម២,៧ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អត្រាការប្រាក់ខ្ពស់ វិបត្តិសង្រ្គាមនៅអ៊ុយក្រែន និងធនធានទេពកោសល្យដែលកាន់តែរួមតូចទៅៗ ស្ថិតក្នុងចំណោមហេតុផលចម្បងៗ ដែលរួមចំណែកធ្វើឱ្យតម្លៃទីផ្សារដាំក្បាលចុះខ្លាំងបែបនេះ។

សម្ពាធទីផ្សារបានបង្ខំឱ្យក្រុមហ៊ុនល្បីៗ បំផុតមួយចំនួននៅអឺរ៉ុប លក់បញ្ចុះតម្លៃនូវភាគហ៊ុន ដែលធ្លាប់តែហក់ឡើងថ្លៃកប់ពពករបស់ខ្លួន ដើម្បីប្រមូលដើមទុន។ តួយ៉ាង ក្រុមហ៊ុនទូទាត់ប្រាក់ស៊ុយអែត Klarna Bank AB មានតម្លៃរហូតដល់ទៅ៤៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ ប៉ុន្តែដោ​យសារប្រមូលដើមទុនចំនួន៨០០លានដុល្លារ បានធ្វើឱ្យតម្លៃរបស់ក្រុមហ៊ុនធ្លាក់ចុះមកនៅត្រឹម៦,៧ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះរហូតដល់ទៅ៨៥%។

លោក Tom Wehmeier សហប្រធានក្រុមហ៊ុន Atomico បានប្រាប់ទីភ្នាក់ងារព័ត៌មានReutersថា “ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាអឺរ៉ុប កំពុ​ងប្រឈមមុខ នឹងបរិយាកាសម៉ាក្រូសេដ្ឋកិច្ចដ៏លំបាកបំផុត ចាប់តាំងពីផ្ទុះវិបត្តិហិរញ្ញវត្ថុពិភពលោកមក”។

ផ្អែកលើទិន្នន័យ ដែលប្រមូលបានពី៤១ប្រទេសបង្ហាញថា ហិរញ្ញប្បទានមូលធនបណ្តាក់ទុននៅអឺរ៉ុប បានធ្លាក់ចុះមកនៅត្រឹម៨៥ពាន់លានដុល្លារសម្រាប់ឆ្នាំនេះ ដោយធ្លាក់ចុះ១៨% បើធៀបនឹង១០០ពាន់លានដុល្លារ ដែលកៀរគរប្រមូលបានក្នុងឆ្នាំ២០២១៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here