ឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្នដឹកនាំកិច្ចប្រជុំទាក់ទងនឹងកិច្ចព្រមព្រៀងCAM CEPS

  ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមការងារចរចាកិច្ចព្រមព្រៀង CAM-UAE CEPA។

កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ដែលបានដឹកនាំក្រុមការងារចរចា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា -អេមីរ៉ាតអារ៉ាប់រួម (CAM-UAE CEPA) ចូលរួមកិច្ចប្រជុំចង្អៀតអន្តរក្រសួង។

ស្ថិតក្នុងកិច្ចប្រជុំចង្អៀតអន្តរក្រសួងនេះ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគោរពរាយការណ៍ជូន លោកបណ្ឌិតអូន ព័ន្ឋមុនីរ័ត្ន ប្រធានគណៈកម្មាធិការ និងអង្គប្រជុំ អំពីប្រវត្តិសាវតា និងវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀង CAM-UAE CEPA។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប៉ាន សូរស័ក្តិ ក៏បានជម្រាបជូនពីសារៈសំខាន់ ​ក្នុងការបន្តធ្វើសមាហរណកម្ម និងសហប្រតិបត្តិការសេដ្ឋកិច្ចរបស់កម្ពុជាទៅក្នុងតំបន់ និងសកលលោក ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងបន្តធ្វើពិពិធកម្ម ទីផ្សារនាំចេញសម្រាប់ផលិតផលកម្ពុជាឱ្យកាន់តែសំបូរបែប និងប្រសើរជាងមុន និងជាពិសេសចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ​​ ក្រោយវិបត្តិជំងឺកូវីដ១៩ និងបង្កើតឱកាសការងារកាន់តែច្រើនជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកជំទាវតឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាបានធ្វើបទបង្ហាញស្តីពី របាយការណ៍នៃការចរចាកិច្ចព្រមព្រៀង CAM-UAE CEPA ជាមួយនឹងការធ្វើបច្ចុប្បន្នភាពនៃការចរចាបើកច្រកទីផ្សារទំនិញ ដោយលោកចាន់ សុភាព អនុរដ្ឋលេ​ខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារពាណិជ្ជកម្មទំនិញ។

អង្គប្រជុំក៏បានពិភាក្សាលើសំណូមពរ និងបញ្ហានានារបស់ក្រុមការ​ងារចរចាកិច្ចព្រមព្រៀងCAM-UAE CEPA និងបានទទួលអនុសាសន៍ណែនាំនិងសេចក្តីសម្រេច ពីលោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច លើចំណុចមួយចំនួនពាក់ព័ន្ធ នឹងការចរចាលើអត្ថបទកិច្ចព្រមព្រៀង និងការបើកច្រកទីផ្សារពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវា និងពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល សំដៅត្រៀមការចរចាជុំទី២ ដែលគ្រោងប្រព្រឹត្តិចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅកម្ពុជា នាពេលខាងមុខ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here