អាមេរិកអះអាងថាខ្លួនមិនលើកទឹកចិត្តឱ្យអ៊ុយក្រែនវាយលុកលើរុស្ស៊ីឡើយ ក្រោយទីក្រុងគៀវវាយប្រហារដោយដ្រូនចូលដែនអាកាសរុស្ស៊ី

ដោយ: លាងហួរ

វ៉ាស៊ីនតោន: សហរដ្ឋអាមេរិកបានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញនេះថា ខ្លួនមិនបាន លើកទឹកចិត្តអ៊ុយក្រែន ឱ្យវាយលុកចូលប្រទេសរុស្ស៊ីឡើយ បន្ទាប់ពីទីក្រុងគៀវបានបើកការវាយប្រហារដោយយន្តហោះដ្រូនលើមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ី។

លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ក្រុមអ្នកយកព័ត៌មានថា “យើង​មិន​បាន​លើក​ទឹក​ចិត្ត ឬ​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន ​បើកការវាយប្រហារលើប្រទេសរុស្ស៊ីនោះទេ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា ប៉ុន្តែអ្វីដែលសំខាន់នោះ គឺត្រូវយល់ពីអ្វីដែលប្រជាជនអ៊ុយក្រែនកំពុងជួបប្រទះជារៀងរាល់ថ្ងៃ ក្រោមសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ដោយលោកបានចោទប្រកាន់រុស្ស៊ីថា យករដូវរងារជាអាវុធ តាមរយៈការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែន។

ក្រុមអ្នកជំនាញជឿថា អ៊ុយក្រែនបានជ្រៀតចូលដែនអាកាសរុស្ស៊ី ដោយប្រើយន្តហោះគ្មានមនុស្សបើកសម័យសូវៀត និងមិនមែនជាជំនួយយោធារាប់ពាន់លានដុល្លារ ដែលផ្តល់ដោយមហាអំណាចលោកខាងលិចនោះឡើយ។

ថ្លែងនៅក្បែរលោក Blinken បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីអូស្ត្រាលី រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានមានប្រសាសន៍ថា ទីក្រុងវ៉ាស៊ីនតោនមិនបានបញ្ឈប់អ៊ុយក្រែនពីការអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយដោយខ្លួនឯងនោះទេ។

ចំណែក ប្រទេសរុស្សីបានរាយការណ៍ថា មនុស្ស៣នាក់បានស្លាប់ និងយន្តហោះពីរគ្រឿង បានរងការខូចខាតពីការវាយប្រហាររបស់អ៊ុយក្រែនកាលពីថ្ងៃច័ន្ទ លើមូលដ្ឋានចំនួន៣របស់រុស្ស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here