ដោយៈ សុផល
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េខាងត្បូង ដើម្បីបន្តសហការគ្នាលើវិស័យពន្ធដារឱ្យកាន់តែច្រើនថែមទៀត។
អនុស្សរណៈនៃការយោគយល់គ្នានេះ បានត្រូវចុះហត្ថលេខាដោយលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងលោក KIM CHANGKI អគ្គនាយក នៃរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ។
កិច្ចសហការនេះ ផ្តោតលើកិច្ចសហប្រតិបត្តិការបន្ថែមលើការអនុវត្តកិច្ចព្រមព្រៀង (DTA) ពង្រឹងការផ្លាស់ប្តូរព័ត៌មាន (EoI) ផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីពន្ធដារ GDT ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងសមត្ថភាពនៃការគ្រប់គ្រងពន្ធដារ ការរៀបចំសិក្ខាសាលាជាប្រចាំ ដោយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជួយឱ្យធុរជនកូរ៉េ ដែលប្រកបធុរកិច្ចនៅកម្ពុជា បង្កើនការយល់ដឹងអំពីកាតព្វកិច្ច និងអនុលោមភាពពន្ធ។
ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការបំពេញដំណើរទស្សនកិច្ចសិក្សាជាផ្លូវការ របស់អគ្គនាយកដ្ឋានពន្ធដារ ទៅកាន់រដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ ក្នុងពេលអនាគតដ៏ខ្លី ដើម្បីសិក្សាដកស្រង់បទពិសោធន៍ និងរៀនសូត្របន្ថែមទៀតលើ ពន្ធលើល្បែង (Taxation of Gambling) បច្ចេកវិទ្យា Blockchain និង ពន្ធលើបរធនបាលកិច្ច Taxation on Trust ផងដែរ៕