ហុងគ្រីវ៉េតូជំទាស់នឹងកញ្ចប់ជំនួយ១៩ពាន់លានដុល្លាររបស់EUសម្រាប់ជួយដល់អ៊ុយក្រែន

សុខុម

ក្រុងគៀវ: ប្រទេសហុងគ្រីបានវ៉េតូជំទាស់នឹងកញ្ចប់ជំនួយហិរញ្ញវត្ថុប្រមាណ១៩ពាន់លានដុល្លារអាមេរិក ដែលសហភាពអឺរ៉ុប ផ្ដល់ឱ្យរដ្ឋាភិបាលទីក្រុងគៀវ នៃប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៦ ខែធ្នូ។

ការវ៉េតូជំទាស់នឹងកញ្ចប់ជំនួយពីសំណាក់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban នេះនឹងធ្វើឱ្យបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប កាន់តែមានភាពស្មុគ្រស្មាញនៅក្នុងការធ្វើផែនការបច្ចេកទេស ដើម្បីធានាថា ជំនួយអាចបន្តធ្លាក់ដល់ដៃរដ្ឋាភិបាលក្រុងគៀវ នៅឆ្នាំ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Tuomas Saarenheimo ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រុមប្រឹក្សាសហភាពអឺរ៉ុប លើកឡើងថា “នៅចុងបញ្ចប់ កិច្ចព្រមព្រៀងត្រូវបានបង្កើតឡើងដោយផ្អែករូបមន្ត ដែលអនុញ្ញាតឱ្យបញ្ជូនជំនួយមូលនិធិទៅកាន់អ៊ុយក្រែន យ៉ាងរហ័សប្រកបដោយភាពបត់បែន ដោយមិនផ្លាស់ប្ដូរវិធី ដែលសហភាពអឹរ៉ុបចាត់ចែងមូលនិធិរបស់ខ្លួន។ ប៉ុន្តែជាក់ស្ដែង ខ្ញុំហ៊ាននិយាយថា កិច្ចព្រមព្រៀងនេះគឺជាកិច្ចព្រមព្រៀងដកមួយ”។

ប្រទេសជាច្រើនមើលឃើញថា ការវ៉េតូរបស់នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban ជាការបង្ហាញពីចេតនាមិនចង់ឱ្យសហភាពអឺរ៉ុប បញ្ចេញមូលនិធិជាច្រើនពាន់លានដុល្លារ របស់ខ្លួនដើម្បីជួយដល់អ៊ុយក្រែន។

ប្រទេសទាំង២៧របស់សហភាពអឺរ៉ុប រួមទាំងហុងគ្រី ផងមានពេលរហូតដល់ថ្ងៃទី១៩ ខែធ្នូ ដើម្បីធ្វើសេចក្ដីសម្រេច ហើយក្រុមមេដឹកនាំសហភាពអឺរ៉ុប នឹងត្រូវជួបគ្នាក្នុងកិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃនៅសប្តាហ៍ក្រោយ។

លោក Viktor Orban ធ្លាប់បានធ្វើឱ្យក្រុមមន្ត្រីរបស់សហភាពអឺរ៉ុប ផ្ទុះកំហឹងរួចមកហើយចំពោះការរិះគន់ម្ដងហើយម្ដងទៀតរបស់លោកចំពោះទណ្ឌកម្ម ដែលសហភាពអឺរ៉ុប ដាក់លើប្រទេសរុស្ស៊ី ក្រោយពីរុស្ស៊ី បញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here