គិតត្រឹមខែតុលា២០២២ ធនាគារSMEបញ្ចេញឥណទានជាង៤២០លានទៅដល់សហគ្រាសជាង៣ពាន់

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ចាប់តាំងពីបើកប្រតិបត្តិការនៅអំឡុងឆ្នាំ២០២០មកដល់ដំណាច់ខែតុលា ឆ្នាំ២០២២នេះ ធនាគារសហគ្រាសធុនតូច និងមធ្យម បានផ្ដល់ឥណទានដល់សហគ្រាសក្នុងស្រុកប្រមាណ៣០០០សហគ្រាស ដែលមានទំហំទឹកប្រាក់ចំនួន៤២៣លានដុល្លារអាមេរិក។

នេះបើតាមលោក លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម ថ្លែងនៅក្នុងសន្និសីទ កាលពីរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។

លោកមានប្រសាសន៍ថា ឥណទាន ដែលធនាគារ SME បានផ្ដល់ដល់សហគ្រាសដើម្បីស្ដារអាជីវកម្ម រក្សាលំនឹង និងពង្រីកអាជីវកម្ម បន្ទាប់ពីសហគ្រាសមួយចំនួនរងផលប៉ះពាល់ ដោយសារតែកូវីដ១៩ មានគម្រោងចំនួន៣ រួមមាន គម្រោងសហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យមដំណាក់កាលទី១ និងដំណាក់កាលទី២ និងគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ បានបញ្ចេញឥណទានជូនដល់ SME ក្នុងទំហំទឹកប្រាក់ប្រមាណ៣៦៩លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងទាំងនេះផ្តល់តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរូមចំនួន៤៣គ្រឹះស្ថាន ខណៈធនាគារ SME ផ្ទាល់បានបញ្ចេញឥណទានដោយផ្ទាល់ទៅសហគ្រាស ក្នុងទំហំទឹកប្រាក់ ៤៤លានដុល្លារអាមេរិក។ ចំណែក ១០លានដុល្លារទៀត ត្រូវបានបញ្ចេញឥណទានទៅដល់ SME តាមរយៈ MDIs ជាដៃគូចំនួន៤គ្រឹះស្ថាន។

លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ SME បានថ្លែងថា គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ទាំងពីរដំណាក់កាលបានចូលរួមជួយ ដល់ការបន្ធូរបន្ថយផលប៉ះពាល់របស់សហគ្រាសធុនតូច និងមធ្យមបានយ៉ាងច្រើន។ ពោលគឺជួយគាំទ្រឱ្យសហគ្រាសអាចនៅបន្តលំនឹងអាជីវកម្មរបស់ខ្លួន ក្នុងពេលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

ជាពិសេស ហិរញ្ញប្បទាន ដែលសហគ្រាសទទួលបានក្នុងដំណាក់កាលពីទី២ មិនត្រឹមតែបានជួយកែលម្អ និងរក្សាលំនឹងអាជីវកម្មឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ និងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែកជួយដល់សហគ្រាស ដែលមានសក្តានុពល ក្នុងការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដែលឆ្លុះបញ្ចាំង តាមរយៈកំណើនចំណូលពីការលក់ និងការបង្កើតការងារថ្មីជាច្រើនកន្លែងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here