ប្រទេសតួកគីប្រារព្ធទិវាកាហ្វេជាលើកដំបូងនៅកម្ពុជា

ដោយ: សហការី

ភ្នំពេញ៖ ស្ថានទូតរបស់តួកគី បានប្រារព្ធទិវាកាហ្វេជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដើម្បីអបអរសាទរខួប៩ឆ្នាំ ដែលកាហ្វេរបស់ខ្លួន ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងទិវាកាហ្វេតួកគីលើកដំបូង ដែលមានវត្តមានចូលរួមពីលោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកអគ្គរដ្ឋទូតប្រទេសជាច្រើន តំណាង UNESCO និងវិស័យឯកជននានា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្នុងកម្មវិធីនេះ លោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្ដមរដ្ឋមន្រ្តី និងតំណាងស្ថាប័ននានា ចំពោះវត្តមានចូលរួមប្រារព្ធទិវាកាហ្វេតួកគីនេះ ព្រមទាំងបានជម្រាបជូនដោយសង្ខេបអំពីប្រវត្តិសាវតា និងអញ្ជើញទស្សនាអំពីរបៀប និងទំនៀមទំលាប់នៃការរៀបចំកាហ្វេ ជាមួយនឹងឱកាសទទួលទានកាហ្វេតួកគី។

លោករដ្ឋមន្រ្តីបានផ្តល់នូវចំណាប់អារម្មណ៍អំពីសារៈសំខាន់នៃការបា្ររព្ធទិវាកាហេ្វតួកគីជាលើកដំបូងនៅកម្ពុជា ដែលបានឆ្លុះបង្ហាញឱ្យឃើញពីមេត្រីភាព និងសាមគ្គីភាពក្នុងទំនាក់ទំនងទ្វេភាគីដ៏ស្និទ្ធស្នាលរវាងកម្ពុជា និងតួកគី ស្តែងតាមរយៈកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ ជាក់ស្តែងសង្គម និងវប្បធម៌តាមរយៈការប្រារព្ធទិវាកាហ្វេតួកគីនេះនៅកម្ពុជា។

ជាមួយគ្នានេះ លោកក៏បានអបអរសាទរ ចំពោះភាគីតួកគីក្នុងឱកាសគម្រប់ខួបលើកទី៩ នៃការចុះកាហ្វេតួកគីជាបេតិកភណ្ឌវប្បធម៌អរូបិយ៍នៃមនុស្សជាតិនៅខែធ្នូ ឆ្នាំ២០១៣ ផងដែរ។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ភ្ញៀវដែលបានចូលរួមក្នុងពិធីនេះ បានធ្វើការកត់សម្គាល់ពីភាពស្រដៀងគ្នានៃអរិយធម៌ដ៏ឧត្តុង្គឧត្តមរវាងប្រទេសទាំងពីរ ពោលគឺជាប្រជាជាតិសំបូរទៅដោយសម្បតិ្តបេតិកភណ្ឌវប្បធម៌រូបបិយ៍ និងអរូបបិយ៍គួរជាទីមោទនៈ និងបានធ្វើការអបអរសារទដែលគុណល្បុក្កតោរបស់កម្ពុជា និងតែរបស់តួកគី (និងអាស៊ែបៃហ្សង់) ត្រូវបានចុះជាបេតិកភណ្ឌវប្បធម៌អរូបិយ៍នៃមនុស្សជាតិនាពេលថ្មីៗនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here