រុស្ស៊ីតបតរសេចក្តីសម្រេចរបស់ប្រទេសG7និងសហភាពអឺរ៉ុបដោយលក់ប្រេងលើសពីតម្លៃដែលត្រូវបានកំណត់

ដោយ៖ សុខុម

អន្តរជាតិ: ប្រេងរុស្ស៊ី នៅកំពង់ផែ Kozmino ក្នុងប្រទេសនេះបានលក់៧៩ដុល្លារ ក្នុងមួយបារ៉ែលនៅលើទីផ្សារអាស៊ី កាលពីថ្ងៃច័ន្ទ ទី៥ ខែធ្នូ។ នេះបើយោងតាមទិន្នន័យរបស់ Refinitiv ដែលជាស្ថាប័នអាមេរិក-អង់គ្លេស ជំនាញខាងផ្ដល់ទិន្ន័យទីផ្សារហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធ និងការទម្លាយឱ្យដឹងពីប្រភពក្នុងឧស្សាហកម្មប្រេង។

ការលក់ប្រេងក្នុងតម្លៃនេះគឺខ្ពស់ជាង១ភាគ៣បើធៀបនឹងតម្លៃប្រេងរុស្ស៊ី ដែលក្រុមប្រទេស G7 និងសហភាពអឺរ៉ុប បានកំណត់ក្នុងគោលបំណងរឹតត្បិតប្រភពចំណូលដ៏សំខាន់ដែលជួយឱ្យរុស្ស៊ី មានលទ្ធភាពបន្តធ្វើសង្គ្រាមយ៉ាងរលូននៅក្នុងប្រទេសអ៊ុយក្រែន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសរុស្ស៊ី នាំចេញប្រេងប្រភេទ ESPO Blend រហូតដល់ទៅ៦៥លានតោនក្នុងមួយឆ្នាំៗតាមរយៈបំពង់បង្ហូរប្រេងពីតំបន់ស៊ីបេរីខាងកើត កាត់មហាសមុទ្រប៉ាស៊ីហ្វិក ហៅកាត់ ESPO រួមទាំងប្រេងរហូតដល់៣៥លានតោនតាមរយៈកំពង់ផែ Kozmino ផងដែរ។

ក្រុមប្រទេស G7 និងសហភាពអឺរ៉ុប បានកំណត់តម្លៃប្រេងរុស្ស៊ី ឱ្យនៅត្រឹម៦០ដុល្លារ ក្នុងមួយបារ៉ែល ហើយនឹងអនុញ្ញាតឱ្យបណ្ដាប្រទេស ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប បន្តនាំចូលប្រេងឆៅរុស្ស៊ី តាមផ្លូវសមុទ្រ ដរាបណាវាត្រូវបានលក់ក្នុងតម្លៃថោកជាង៦០ដុល្លារ ក្នុងមួយបារ៉ែល បើមិនដូច្នោះទេនឹងត្រូវចាត់ទុកថាជាការបំពានសេចក្ដីសម្រេចនេះ។

ជាការឆ្លើយតប ប្រទេសរុស្ស៊ី បានប្រកាសក្ដែងៗកាលពីថ្ងៃសៅរ៍ ទី៣ ខែធ្នូ ថា ខ្លួន “នឹងមិនទទួលយកដាច់ខាត” នូវការកំណត់តម្លៃលើប្រេងរបស់ខ្លួន ហើយកំពុងត្រៀមធ្វើការឆ្លើយតប៕

LEAVE A REPLY

Please enter your comment!
Please enter your name here