ប្រធានាធិបតីកូរ៉េខាងត្បូងសន្យាធ្វើពិពិធកម្មពាណិជ្ជកម្មឱ្យក្លាយជាប្រទេសនាំចេញធំជាងគេទី៥លើពិភពលោក

ដោយ: លាងហួរ

សេអ៊ូល: ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បានសន្យាជាថ្មីថា នឹងជំរុញលើការនាំចេញ ដោយបានបញ្ជាក់ថា ការនាំចេញនៅតែជាមូលដ្ឋានសម្រាប់សេដ្ឋកិច្ច និងការងាររបស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន Aljazeera កាលពីថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២។

លោក Yoon បានមានប្រសាសន៍កាលពីថ្ងៃចន្ទ ទី០៥ ខែធ្នូថា រដ្ឋាភិបាលនឹងធ្វើអ្វីគ្រប់យ៉ាង ដែលខ្លួនអាចធ្វើបាន ដើម្បីធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសនាំចេញធំជាងគេទី៥លើពិភពលោក នៅឆ្នាំ២០២៦ ពោលគឺកើនឡើងពីចំណាត់ថ្នាក់ទី៦ កាលពីឆ្នាំមុន។

លោកបានមានប្រសាសន៍បន្តថា រដ្ឋាភិបាលនឹងជួយដល់ក្រុមហ៊ុននានាស្វែងរកដំណោះស្រាយឱ្យបានឆាប់រហ័សនៃការលំបាកក្នុងការនាំចេញ។ រដ្ឋាភិបាលក៏នឹងពង្រីកការគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្នែករដ្ឋបាលយ៉ាងខ្លាំងសម្រាប់អ្នកនាំចេញផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី១០របស់ពិភពលោក និងជាប្រទេសផ្គត់ផ្គង់ផលិតផលទូទាំងពិភពលោក រាប់ចាប់ពីបន្ទះឈីបកុំព្យូទ័រ រហូតដល់រថយន្ត នាវា និងគ្រឿងម៉ាស៊ីនឧស្សាហកម្ម។

លោក Yoon បានថ្លែងសុន្ទរកថាក្នុងពិធីប្រារព្ធទិវាពាណិជ្ជកម្មប្រចាំឆ្នាំរបស់ប្រទេសកូរ៉េខាងត្បូងថា រដ្ឋាភិបាលក៏នឹងស្វែងរកការពង្រីកបណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ខ្លួន ទៅកាន់មជ្ឈិមបូព៌ា កណ្តាល និងអាមេរិកខាងត្បូង និងតំបន់អាហ្វ្រិកផងដែរ។

លោក​បាន​បន្ថែម​ថា ទំហំនៃការ​នាំ​ចេញ​ក្នុងឆ្នាំ​២០២២នេះ​អាចនឹងសម្រេចបានលើស​ពី៦៨០ពាន់​លាន​ដុល្លារ បើ​ធៀប​នឹងកំណត់ត្រាចំនួន៦៤៤,៤ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន។

ចាប់តាំងពីចូលកាន់តំណែងមក លោក Yoon បានមានប្រសាសន៍ម្តងហើយម្តងទៀតថា រដ្ឋបាលថ្មីរបស់លោកនឹងព្យាយាមយកឈ្នះលើការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចតាមរយៈការជំរុញការនាំចេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here