ប្រធានសម្ព័ន្ធសហជីពជាតិព្រួយបារម្ភចំពោះស្ថានភាពរោងចក្រសហគ្រាសនាពេលបច្ចុប្បន្ន

ដោយ៖ លក្ខណា

ភ្នំពេញ ៖ តើស្ថានភាពរោងចក្រសហគ្រាសក្នុងពេលបច្ចុប្បន្ននេះ យ៉ាងណាទើបប្រធានសម្ព័ន្ធសហជីពជាតិបង្ហាញការព្រួយបារម្ភជំពោះការងាររបស់កម្មករ កម្មការិនីរោងចក្រនៅកម្ពុជា ខណៈវិស័យឧស្សាហកម្មរោងចក្រនេះដែរបានជួយផ្ដល់ការងារនិងប្រាក់ចំណូលយ៉ាងច្រើនដល់ពលដ្ឋកម្ពុជា។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានសរសេរសារបង្ហោះលើគណនីហ្វេសប៊ុករបស់លោកថា “សម្ព័ន្ធសហជីពជាតិមានការព្រួយបារម្ភជាខ្លាំងចំពោះ ស្ថានភាពរោងចក្រសហគ្រាសក្នុងពេលបច្ចុប្បន្ន គ្មានឥវ៉ាន់ឱ្យកម្មករនិយោជិតធ្វើ ឬត្រូវបានកាត់បន្ថយការបញ្ជាទិញពីអ្នកបញ្ជាទិញ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានសរសេរថា “រោងចក្រមួយចំនួនត្រូវបានព្យួរ និងរៀបចំព្យួរ និងបិទលែងដំណើរថែមទៀតផង ទាំងនេះគឺជាបញ្ហាដ៏រសើប ដែលយើងខ្ញុំមានការព្រួយបារម្ភជំនួសបងប្អូនកម្មករនិយោជិត ហើយយើងទាំងអស់គ្នាសុទ្ធបានជ្រាបពីបញ្ហានេះ ដែលបណ្តាលមកពីសង្គ្រាមរ៉ុស្សី និងអ៊ុយក្រែន និងវិបត្តិសេដ្ឋកិច្ចសកល”។

បើតាមកញ្ញានី ស្រីណែត ប្រធានក្រុមនៃរោងចក្រកាត់ដេរមួយកន្លែងតាមបណ្ដោយផ្លូវវេងស្រេង បានឱ្យដឹងថា ជាការពិតណាស់បច្ចុប្បន្ននេះ កម្មករក្នុងរោងចក្រដែលកញ្ញាបំពេញគឺមិនសូវមានការងារធ្វើដូចមុនទេ កម្មករទាំងអស់ដែលធ្លាប់ធ្វើការដល់ម៉ោង៥ ឬ៦ល្ងាច ពេលនេះខាងថៅកែតម្រូវឱ្យចេញត្រឹមម៉ោង៣រសៀល និងកាត់ប្រាក់ខែពីកម្មករផងដែរ ។

កញ្ញាបន្តថា ការកាត់បន្ថយម៉ោងការងារនិងប្រាក់ខែកម្មករ និយោជិតនេះបានកើតឡើងយូរហើយ ក្នុងនោះកាលពីមុនពួកគេទទួលបានប្រាក់ខែប្រមាណ២២០ដុល្លារក្នុងមួយខែ តែពេលនេះ ដោយមិនបានថែមម៉ោង ក្នុងមួយខែបើកបានក្រោម២០០ដុល្លារប៉ុណ្ណោះ ដែលវាពិបាកក្នុងការចាត់ចែងការចំណាយនានា ដូចជា ផ្ទះជួល និងទំនិញផ្សេងៗ ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here