“ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា” ទទួលជ័យលាភីលេខ១វេទិកាអនាគតរដ្ឋាភិបាលពិភពលោកប្រចាំឆ្នាំ២០២២

ដោយ៖ សុផារី

ភ្នំពេញ៖ “ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា” ត្រូវបានប្រកាសទទួលជ័យលាភី Open Source Adaptation of the Year ពីកម្មវិធីពានរង្វាន់អនាគតរដ្ឋាភិបាល ដែលបានសហការគាំទ្រដោយអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) Amazon Web Service Institute នៃក្រុមហ៊ុនអន្តរជាតិអាម៉ាហ្សូន និងបណ្តាញសាកលសម្រាប់រដ្ឋាភិបាល Apolitical ក្នុងចំណោមគម្រោងចំនួន១៥០ និងមកពី៥២ប្រទេស។

កម្ពុជាជាប្រទេសមួយក្នុងគម្រោងចំនួន១០ ដែលមកពីប្រទេសចំនួន៨ទៀត ដែលស្ថិតក្នុងបញ្ជីសម្រាំង ក្នុងផ្នែកជ័យលាភី Open Source Adaptation ដែលរួមមាន កាណាដា ចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូង ប៉ាគីស្ថាន ហ្គីណេប៊ីសូ អាហ្សង់ទីន ហ្វីលីពីន និងបេណាំង ហើយដែលចុងក្រោយត្រូវបានសម្រេចពីគណៈកម្មការវាយតម្លៃអន្តរជាតិ ចំនួន១៧រូប ឱ្យឈ្នះជ័យលាភីលេខ១ប្រចាំឆ្នាំ២០២២នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន ​សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី០៥ ខែធ្នូនេះថា “ពានរង្វាន់នេះជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជាលើឆាកអន្តរជាតិ និងជាការទទួលស្គាល់ថា កម្ពុជា​បានចាប់យកឱកាស និងបាន​ប្រើប្រាស់ដោយជោគជ័យនូវបច្ចេកវិទ្យាឌីជីថល ជាពិសេសថ្នាល CamDX ក្នុងការជួយដល់ការងារ​កែ​ទម្រង់ និងការធ្វើទំនើបកម្មរដ្ឋបាលរបស់ខ្លួន”។

សម្តេចបានបន្តថា “កម្ពុជាមិនត្រឹមតែមាន​ឱកាស​កសាង​​ហេដ្ឋារចនាសម្ព័នរូបវន្តជាច្រើននោះទេ, ប៉ុន្តែកំពុងតែបោះជំហានឆ្ពោះទៅការកសាងសេដ្ឋកិច្ច និងសង្គម​ឌីថល​មួយរស់រវើក និងប្រកបដោយបរិយាប័ន្ន”។

សម្តេចតេជោ ហ៊ុន​ សែន បានលើកទឹកចិត្តវិស័យឯកជន ចូលរួម និងប្រើប្រាស់ សំដៅទាញ​យកប្រយោជន៍ជាអតិបរមាពីថ្នាល និងបច្ចេកវិទ្យាពាក់ព័ន្ធនៃប្រព័ន្ធអេកូឡូស៊ីរបស់ CamDX ។

​            ថ្នាល CamDX ដែលអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ដោយ មជ្ឈ​មណ្ឌល​បណ្តុះ​ធុរកិច្ចថ្មី “តេជោ” នៃក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ជាថ្នាលបច្ចេក​វិទ្យា​ឌីជីថលមួយឈរនៅ​កណ្តាល និងជា​​ឆ្អឹងខ្នង ដែលអនុញ្ញា​ត​ឱ្យ​​ប្រព័ន្ធ​​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ក្រសួង-​ស្ថាប័នអាច​ចែករំលែកទិន្នន័យរវាងគ្នា និងគ្នា ដើម្បី​​បង្កើត​ជាសេ​វាសាធា​រណៈអនឡាញ​ផ្សេងៗ។

គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្នាល CamDX បានជួយឱ្យការ​​​ចុះ​បញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញសម្រេចបាន​ចំនួន១៩.៨២៣ក្រុមហ៊ុន ដែលមានដើមទុនចុះបញ្ជីសរុបចំនួន៥,៦ប៊ីលានដុល្លា​រ​​អាមេរិក ដោយប្រើ​ប្រាស់​​រយៈ​ពេល​ជា​មធ្យមត្រឹមតែ៨ថ្ងៃនៃថ្ងៃធ្វើការប៉ុណ្ណោះ។

សមាជិករបស់ CamDX បច្ចុប្បន្នក្នុងក្របខណ្ឌចុះបញ្ជីអាជីវកម្ម រួមមាន ក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (Global Travel Assessment System- GTAS) នៃអគ្គ-នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បាននិងកំពុងផ្លាស់ប្តូរទិន្នន័យនៅលើថ្នាលនេះជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here