ដោយ: លាងហួរ
បាងកក: ក្រុមហ៊ុនរបស់អារ៉ាប៊ីសាអូឌីតត្រូវបានគេរំពឹងថា នឹងបោះទុនវិនិយោគ រហូតដល់៣០០ពាន់លានបាត (ប្រហែល៨,៦៦ពាន់លានដុល្លារ) នៅក្នុងឧស្សាហកម្មគោលដៅ នៃច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC)របស់ប្រទេសថៃនៅឆ្នាំ២០២៣ខាងមុខ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យម្សិលមិញនេះថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ត្រូវបានជូនដំណឹងអំពីតួលេខដែលបានព្យាករណ៍ទាំងនេះ។
លោកប្រាយុទ្ធ បានដឹកនាំគណៈប្រតិភូទស្សនកិច្ច នៅប្រទេសអារ៉ាប៊ីសាអូឌីតកាលពីដើមឆ្នាំនេះ ដើម្បីកសាងទំនាក់ទំនងទ្វេរភាគីឡើងវិញ បន្ទាប់ពីប្រទេសទាំង២ ត្រូវបានទម្លាក់ចំណាត់ថ្នាក់ជុំវិញបញ្ហា Blue Diamond Affair ក្នុងឆ្នាំ១៩៨៩។
កាលពីថ្ងៃទី១៨ ខែវិច្ឆិកាកន្លងទៅលោក Prayut ក៏បានជួបពិភាក្សាជាមួយព្រះអង្គម្ចាស់ Mohammad bin Salman នៅខាងក្រៅកិច្ចប្រជុំកំពូល Apec នៅទីក្រុងបាងកក និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីពង្រីកទំនាក់ទំនងការទូតរវាងប្រទេសទាំង២។
អ្នកនាំពាក្យរូបនេះ បានមានប្រសាសន៍បន្ទាប់ ពីគណៈប្រតិភូអារ៉ាប៊ីសាអូឌីត បានទៅអញ្ជើញធ្វើទស្សនកិច្ច នៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើត(EEC)ក្នុងអំឡុងកិច្ចប្រជុំកំពូល Apec កាលពីខែមុន។
ប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើការច្នៃប្រឌិតឌីជីថល ទេសចរណ៍វេជ្ជសាស្រ្ត បរិក្ខារពេទ្យច្បាស់លាស់ កែច្នៃអាហារ ថាមពលស្អាត និងរថយន្តអគ្គិសនី។
លោក Anucha បានបន្តថា ការិយាល័យ EEC បានបង្ហាញពីទំនុកចិត្តថា ប្រទេសថៃនឹងក្លាយជាមជ្ឈមណ្ឌល ផលិតរថយន្តអគ្គិសនីEV នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តជាច្រើន បានសម្រេចចិត្តបង្កើតមូលដ្ឋានផលិតកម្មរបស់ពួកគេនៅក្នុងប្រទេសនេះ។
លោកបានបន្ថែមថា លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធមានសេចក្តីសោមនស្សរីករាយ ដែលវិស័យពាក់ព័ន្ធទាំងអស់បានសហការគ្នា ដើម្បីជួយធ្វើឱ្យវិស័យផលិតកម្មរបស់ប្រទេសថៃ មានភាពលេចធ្លោក្នុងក្រសែភ្នែកវិនិយោគិនបរទេស៕