រុស្ស៊ីបដិសេធមិនទទួលយកនូវការកំណត់តម្លៃលើប្រេងរបស់ខ្លួន ហើយកំពុងត្រៀមធ្វើការឆ្លើយតប

ដោយៈ សុខុម

អន្តរជាតិ: រុស្ស៊ី បានប្រកាសក្ដែងៗកាលពីថ្ងៃសៅរ៍ ទី៣ ខែធ្នូ ថា ខ្លួន “នឹងមិនទទួលយកដាច់ខាត” នូវការកំណត់តម្លៃលើប្រេងរបស់ខ្លួន ហើយកំពុងត្រៀមធ្វើការឆ្លើយតប ចំពោះកិច្ចព្រមព្រៀងមួយរបស់ក្រុមមហាអំណាចលោកខាងលិច ដែលមានបំណងរឹតត្បិតប្រភពចំណូល ដ៏សំខាន់របស់ខ្លួនសម្រាប់ធ្វើសង្គ្រាមនៅអ៊ុយក្រែន។

នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី៤ ខែធ្នូ។

ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS បានចុះផ្សាយថា អ្នកនាំពាក្យវិមានក្រឹមឡាំង (រុស្ស៊ី) លោក Dmitry Peskov លើកឡើងថា ក្រុងមូស្គូ បានត្រៀមរួចហើយ ដើម្បីធ្វើការឆ្លើយតបទៅនឹងការកំណត់តម្លៃ លើប្រេងរុស្ស៊ី កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅពីសំណាក់ក្រុមប្រទេសG7 សមាជិកសហភាពអឺរ៉ុប និងប្រទេសអូស្ត្រាលី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកនាំពាក្យដដែលបញ្ជាក់ថា “យើងនឹងមិនទទួលយកការកំណត់តម្លៃនេះដាច់ខាត” ហើយ រុស្ស៊ី នឹងធ្វើការវិភាគលើកិច្ចព្រមព្រៀងនេះ យ៉ាងឆាប់រហ័ស ហើយនឹងធ្វើការឆ្លើយតប បន្ទាប់ពីវិគាគរួចរាល់។

រុស្ស៊ី បានប្រកាសម្ដងហើយម្តងទៀតថា ខ្លួននឹងមិនផ្គត់ផ្គង់ប្រេងដល់បណ្ដាប្រទេស ដែលអនុវត្តគោលការណ៍ កំណត់តម្លៃនេះជាដាច់ខាត ហើយលោក Mikhail Ulyanov ឯកអគ្គរដ្ឋទូតនៃក្រុងមូស្គូ ប្រចាំអង្គការអន្តរជាតិនៅទីក្រុងវីយែន ប្រទេសអូទ្រីស ក៏បានបញ្ជាក់ពីជំហរនេះដែរតាមរយៈ Post លើបណ្ដាញទំនាក់ទំនងសង្គមកាលពីថ្ងៃសៅរ៍ កន្លងទៅ។

លោកបានលើកឡើងថា “ចាប់ពីឆ្នាំនេះតទៅ អឺរ៉ុប នឹងរស់ដោយគ្មានប្រេងរុស្ស៊ីប្រើប្រាស់”។

ការកំណត់តម្លៃលើប្រេងរុស្ស៊ី ពីសំណាក់ក្រុមប្រទេសG7នឹងអនុ​ញ្ញាតឱ្យបណ្ដាប្រទេស ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប បន្តនាំចូលប្រេងឆៅរុស្ស៊ីតាមផ្លូវសមុទ្រ ដរាបណាវាត្រូវបានលក់ ក្នុងតម្លៃថោកជាង៦០ដុល្លារក្នុងមួយបារ៉ែល បើមិនដូច្នោះទេនឹងត្រូវចាត់ទុកថា ជាការបំពានសេ​ចក្ដីសម្រេចនេះ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here