ធុរជនកូរ៉េចុះមកសិក្សាស្វែងរកផលិតផលដែលត្រូវនាំចេញក្រោយ FTA នៃប្រទេសទាំងពីរ​ចូលជាធរមាន​

  ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ប្រតិភូសមាគមអ្នកចូលកូរ៉េ ដឹកនាំដោយលោកJang Gyu Hwa អនុប្រធានសមាគមនិងលោកស្រី Lin Yu ប្រធានក្រុមហ៊ុនGADOSH បានអញ្ជើញមកដល់ប្រទេសកម្ពុជា និងធ្វើដំណើរទៅទស្សនកិច្ចនៅសហគ្រាសផលិតទឹកត្រីង៉ូវហេង និងដំណើរការផ្សារអ៊ីឆែង៉ូវហេង នៅក្រុងកំពតខេត្តកំពត ដើម្បីពិនិត្យនិងគ្រោងនាំចេញទៅកាន់ប្រទេសកម្ពុជា។

លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មដែលអញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ចនេះ កាលពីចុងសប្ដាហ៍នេះបានថ្លែងថា តាមរយៈដំណើរទស្សនកិច្ចនេះ នឹងជួយឱ្យគណៈប្រតិភូ ទាំងអស់ជ្រាបកាន់តែច្បាស់បន្ថែមទៀតអំពីខ្សែច្រវាក់ផលិតកម្ម ផលិតផលទំនិញនិងដំណើរការផ្សារ ព្រមទាំងសក្ដានុពលផ្សេងៗទៀត របស់សហគ្រាសង៉ូវហេងផងដែរ។

លោកបានលើកទឹកចិត្តដល់គណៈប្រតិភូកូរ៉េ ឱ្យប្រើប្រាស់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មនានាដែលកម្ពុជាជាសមាជិក រួមមាន៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ដែលទើបតែចូលជាធរមាននាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីជំរុញឱ្យការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ កាន់តែកើនឡើងបន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប៉ាន សូរស័ក្តិ បានផ្ដល់អនុសាសន៍ណែនាំដល់ក្រុមហ៊ុនទឹកត្រីង៉ូវហេង សិក្សារស្វែងយល់ និងទាញយកបច្ចេកទេស បទពិសោធន៍ថ្មីៗបន្ថែមទៀត ពីខាងភាគីកូរ៉េ ដើម្បីបង្កើនគុណភាព ផលិតភាព និងស្ដង់ដារផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ផងដែរ។

លោក Jang Gyu-Hwa បានសម្តែងនូវសេចក្តីរីករាយ ចំពោះដំណើរទស្សនកិច្ចមកសហគ្រាសទាំងពីរនេះ និងបានបង្ហាញពីគោលបំណងរបស់គណៈប្រតិភូ KOIMA ក្នុងការនាំយកនូវផលិតផលទឹកត្រី ង៉ូវហេង ចូលទៅកាន់ទីផ្សារប្រទេសកូរ៉េ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ និងធ្វើជាវត្ថុធាតុដើមក្នុងការផលិតគីមឈី ផងដែរ។ លោកបន្តថា KOIMA នឹងខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីជំរុញកិច្ចការនេះឱ្យបានឆាប់បំផុត។

ថ្លែងក្នុងមតិស្វាគមន៍គណៈប្រតិភូ ឧកញ៉ា ចាន់ ស៊ីថា ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនទឹកត្រីង៉ូវហេង បានលើកឡើងថាសិប្បកម្មរបស់គាត់ចាប់ផ្តើមតាំងពីឆ្នាំ១៩៩៥ គិតមកដល់សព្វថ្ងៃមានអាយុកាល២៧ហើយ និងបានវិវឌ្ឍន៍ខ្លួនបន្តិចម្តងៗ រហូតទទួលបានស្តង់ដារជាតិមុនគេ ក្នុងខេត្តកំពត នាឆ្នាំ២០០៣ បានទទួលគម្រោងអភិវឌ្ឍន៍TDF ក្នុងឆ្នាំ២០០៩  ទទួលបានមេដាយ ក្នុងការប្រកួតប្រជែងកែច្នៃកសិកម្ម និងបានបង្កើតផ្សារង៉ូវហេងកំពតក្នុងឆ្នាំ២០១៧ ទទួលបានពានចំនួន៥ ពីក្រសួងរ៉ែនិងថាមពល និងទទួលបានស្តង់ដារសុវត្ថិភាព ចំណីអាហារអន្តរជាតិHCCAP នៅឆ្នាំ២០១៨ និងថ្មីៗនេះទទួលបានស្តង់ដារហាឡាលកម្ពុជា ពីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មផងដែរ។

ឧកញ៉ាបានបន្តថា មូលហេតុដែលនាំឱ្យទឹកត្រី របស់ក្រុមហ៊ុនទឹកត្រីង៉ូវហេង ល្បីឈ្មោះបានដូចសព្វថ្ងៃ មានចំនួន៣ធំៗ រួមមាន៖ ទី១-ត្រីកាកើមដែលមានគុណភាព ទី២ -អំបិលកំពតដែលមានគុណភាព និងទី៣-ការបន្ទុំបែបប្រពៃណី។

ដើម្បីក្លាយជាក្រុមហ៊ុនកែច្នៃផលិតផល ម្ហូបអាហារឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនមានបេសកកម្ម ក្នុងការផលិតតាមប្រពៃណីបែបទំនើបកម្ម ដែលរក្សាគុណភាព សុវត្ថិភាព និងអនាម័យខ្ពស់ដល់អ្នកប្រើប្រាស់ ហើយក្រុមហ៊ុនមានបំណងបង្កើតផលិតផល Premium ថ្មី និងផលិតផលថ្មីសម្រាប់សុខភាព ជាពិសេសពង្រឹង និងពង្រីកបន្ថែមទៀតនូវសមត្ថភាពផលិតដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here