ការងើបឡើងវិញនៃវិស័យទេសចរណ៍ក្លាយជាកត្តាដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ

ដោយ: លាងហួរ

បាងកក: អាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យដឹងកាលពីថ្ងៃសុក្រ ទី០២ ខែធ្នូថា ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសប្រហែល៩,៤លាននាក់ គិតចាប់ពីខែមករាដល់ខែវិច្ឆិកា ហើយតួលេខនេះ នឹងអាចឈានដល់១០,៥លាននាក់ សម្រាប់រយៈពេលពេញមួយឆ្នាំ។

អភិបាលអាជ្ញាធរទេសចរណ៍ថៃ លោក Yuthasak Supasorn បានប្រាប់សារពត៌មានរ៉យទ័រថា បច្ចុប្បន្ននេះ ប្រទេសថៃកំពុងទទួលបានភ្ញៀវទេសចរបរទេសចន្លោះពី៥០.០០០នាក់ ទៅដល់៦០.០០០នាក់ក្នុងមួយថ្ងៃ ក្នុងរដូវកាលដែលមានភ្ញៀវទេសចរច្រើននេះ។

លោក​បាន​បន្តថា “គិតរហូត​មក​ដល់​ពេល​នេះ ប្រទេសម៉ាឡេស៊ី​ជា​ទីផ្សារ​ទេសចរណ៍ ដ៏​ធំ​បំផុត​របស់​ប្រទេសថៃ ដោយ​ភ្ញៀវទេសចរម៉ាឡេស៊ីមាន១,៥លាន​នាក់”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្ថែមថា យើង​កំពុង​មើល​ឃើញ​បម្រែបម្រួល នៃ​ចំនួន​ភ្ញៀវទេសចរ​ផ្លូវ​ឆ្ងាយ​ ដូច​ ជា​ជនជាតិ​រុស្សី​កាន់​តែ​ច្រើន ដែលចូលមក​ប្រទេស​ថៃដើម្បីគេច​ពី​អាកាសធាតុ​ត្រជាក់ក្នុងប្រទេសរបស់ពួកគេ។

លោក Yuthasak បានឱ្យដឹងថា ខណៈប្រទេសរុស្ស៊ី មិនទាន់ស្ថិតក្នុងទីផ្សារទេសចរណ៍កំពូលទាំង៥នៅឡើយ ប៉ុន្តែចំនួនភ្ញៀវទេសចររុស្ស៊ីបានកើនឡើងចាប់តាំងពីខែតុលា នៅពេលដែលមានជើងហោះហើរត្រង់ពីទីក្រុងបាងកក ទៅកាន់ភូកេត។

នៅមុនពេលមានជំងឺរាតត្បាតកូវីដ១៩ ប្រទេសរុស្ស៊ីបានស្ថិតក្នុងទីផ្សារទេសចរណ៍ លំដាប់កំពូលទាំង៥របស់ប្រទេសថៃ ដោយភ្ញៀវទេសចររុស្ស៊ីជិត២លាននាក់ បានហូរចូលមកប្រទេសថៃក្នុងមួយឆ្នាំ។

ការងើបឡើងវិញនៃវិស័យទេសចរណ៍ ដែលរួមចំណែកប្រហែល១៨ភាគរយ នៃផលិតផលក្នុងស្រុកសរុបដោយផ្ទាល់ និងដោយប្រយោល ត្រូវបានគេមើលឃើញថា ជាកត្តាជំរុញដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ។

ធនាគារកណ្តាលថៃបានព្យាករណ៍ថា ប្រទេសរបស់ខ្លួននឹងទទួលបានភ្ញៀវបរទេសចំនួន១០,៥លាននាក់ នៅក្នុងឆ្នាំ២០២២នេះ និង២២លាននាក់ទៀតនៅឆ្នាំ២០២៣ ព្រមទាំង៣៤លាននាក់នៅឆ្នាំ២០២៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here