ទំហំនាំចេញនាំចូលរបស់វៀតណាម អាចឈានរហូតដល់៧៨០ពាន់លានដុល្លារអាមេរិក មិនធ្លាប់មានក្នុងឆ្នាំ២០២២

ដោយៈសុខុម

ហាណូយ: ប្រទេសវៀតណាម បានប្រឹងប្រែងជម្នះរាល់ការលំបាកដើម្បីជំរុញឱ្យសេដ្ឋកិច្ចងើបឡើងវិញ ហើយតាមការរំពឹងទុក ទំហំពាណិជ្ជកម្មនាំចេញ និងនាំចូលរបស់វៀតណាម អាចនឹងឈានរហូតដល់៧៨០ពាន់លានដុល្លារអាមេរិក មិនធ្លាប់មានក្នុងឆ្នាំ២០២២។

ក្រុមអ្នកជំនាញសេដ្ឋកិច្ច បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះទំហំពាណិជ្ជកម្មនាំចេញ និងនាំចូលនេះ ខណៈការនាំចេញរថយន្ត និងគ្រឿងបន្លាស់ ព្រមទាំងផលិតផលនេសាទ បានឈានដល់ជាង១០ពាន់លានដុល្លារអាមេរិក ក្នុងពេល១១ខែមកនេះ។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅត្រឹមដំណាច់ខែវិច្ឆិកា ការនាំចេញ និងការនាំចូលរបស់វៀតណាម មានទំហំសរុប៦៧៣,៨២ពាន់លានដុល្លារអាមេរិក បើធៀបនឹងទំហំ៦៦៨,៥៤ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ទាំងមូល។

យោងតាមការិយាល័យស្ថិតិទូទៅ (GSO) របស់វៀតណាម បង្ហាញថា អតិរេកពាណិជ្ជកម្មរបស់ប្រទេសនេះ មានចំនួន១០,៦ពាន់លានដុល្លារអាមេរិក បើធៀបនឹង០,៦ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បាននិយាយថា ប្រទេសចិន បានសម្រុកបង្កើនការនាំចូលអង្ករ ក្នុងកម្រិតខ្ពស់អំឡុងចុងឆ្នាំនេះ។ ប្រទេសមួយចំនួននៅសហភាពអឺរ៉ុប ក៏មានទំនោរនាំចូលអង្ករបន្ថែមទៀតដែរ ដើម្បីជំនួសការធ្លាក់ចុះនូវការផ្គត់ផ្គង់ស្រូវសាលី ដែលបង្កឡើងដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

ប្រការនេះ បានជួយឱ្យតម្លៃអង្កររបស់វៀតណាម ហក់ឡើងដល់៤៨០ដុល្លារអាមេរិក ក្នុងមួយតោន គឺថ្លៃជាងអង្ករថៃ ចន្លោះពី១៣ដុល្លារ ទៅ២៨ដុល្លារ និងថ្លៃជាងអង្ករឥណ្ឌា ចន្លោះពី៦០ដុល្លារ ទៅ៦៥ដុល្លារ ដូចនេះវាបានរួមចំណែកយ៉ាងខ្លាំងដល់កំណើនការនាំចេញនៅឆ្នាំនេះ។

សាស្ត្រាចារ្យបណ្ឌិតNguyen Thưong Lạng មកពីសកលវិទ្យាល័យជាតិសេដ្ឋកិច្ច (National Economics University) ដែលមានមូល  ដ្ឋាននៅទីក្រុងហាណូយបានព្យាករថា នេះគឺជាជំហានដ៏ធំមួយ សម្រាប់វៀតណាម ឆ្ពោះទៅកាន់គោលដៅទទួលបានចំណូល ពាណិជ្ជកម្ម១ទ្រីលានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៥៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here