តើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ផ្ដាច់ជីវិតទាហាននៃប្រទេសទាំង២អស់ប៉ុន្មានម៉ឺននាក់ហើយទំហំខូចខាតច្រើនកម្រិតណា?

ដោយៈ សុខុម

អន្តរជាតិ: ចាប់តាំងពីរុស្ស៊ី បញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំ២០២២ មក គ្មានតួលេខជាក់លាក់ណាបង្ហាញពីចំនួនទាហាន នៃប្រទេសទាំងពីរស្លាប់ និងរបួសក្នុងសមរភូមិប្រយុ​ទ្ធឡើយគិតមកទល់ពេលនេះ។

ទោះជាយ៉ាងណា មន្ត្រីក្រុងគៀវ ជាន់ខ្ពស់មួយរូបបានទម្លាយឱ្យដឹងថា ទាហានអ៊ុយក្រែនសរុបចំនួន១៣,០០០នាក់ ត្រូវបានពលីជីវិតក្នុងសមរភូមិ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានប្រទេសនេះ កាលពី៩ខែមុន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃសុក្រ ទី០២ ខែធ្នូ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការទម្លាយឱ្យដឹងពីលោក Mykhailo Podolyak ដែលទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន វ្លូឡូឌីមៀ ហ្សេឡិនស្គី នេះគឺជាការធ្វើបច្ចុប្បន្នភាពដំបូងបង្អស់លើតួលេខទាហានស្លាប់ ចាប់តាំងពីចុងខែសីហា ដែលពេលនោះប្រមុខកងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែន និយាយថា ទាហានអ៊ុយក្រែន ជិត៩.០០០នាក់បានបាត់បង់ជីវិត។

លោក Mykhailo Podolyak បានប្រាប់ស្ថានីយទូរទស្សន៍ Channel 24 របស់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ទី១ ធ្នូ ថា “យើងមានតួលេខផ្លូវការពីនាយសេនាធិការ យើងមានតួលេខផ្លូវការពីអគ្គបញ្ជាការ ហើយតួលេខស្លាប់ទាំងនោះ មានចន្លោះពី១០.០០០នាក់ ទៅ១២.៥០០ ឬទៅ១៣.០០០នាក់”។

លោកបានបន្ថែមថា “យើងបើកចំហក្នុងការនិយាយអំពី ចំនួនអ្នកស្លាប់” ដោយបញ្ជាក់ថា ទាហានអ៊ុយក្រែន របួសច្រើនជាងស្លាប់”។

ទោះជាយ៉ាងណា ចំនួនទាហានស្លាប់ និងរបួសមិនទាន់មានការបញ្ជា​ក់ជាផ្លូវការ ពីកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅឡើយទេ។

កាលពីខែមុន ឧត្តមសេនីយ៍កំពូលរបស់សហរដ្ឋអាមេរិក បានប៉ាន់ប្រមាណថា ទាហានរុស្ស៊ី រហូតដល់ទៅជាង១០០.០០០នាក់បានស្លាប់ ឬរបួសនៅអ៊ុយក្រែន ហើយថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក៏ប្រហែលជាបាត់បងស្រដៀងគ្នានេះដែរ។

ទោះជាយ៉ាងណា ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធ ទី៣០ វិច្ឆិកា លោក Oleksiy Arestovych ដែលជាទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា ចំនួនទាហានរុស្ស៊ី ស្លាប់ច្រើនជាងទាហានអ៊ុយក្រែន រហូតដល់ទៅប្រមាណ៧ដងឯណោះ។

ទន្ទឹមនេះ យោងតាមគេហទំព័ររបស់World Bank ដែលបានចុះផ្សាយកាលពីខែកញ្ញា ឱ្យដឹងថា ប្រទេសអ៊ុយក្រែន នឹងត្រូវការថវិការហូតដល់ទៅ៣៤៩ពាន់លានដុល្លារអាមេរិក សម្រាប់កសាងប្រទេសឡើងវិញ ក្រោយពីភ្លើងសង្គ្រាមនេះរលត់៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here