ប្រទេសចិនប្តេជ្ញាចាត់វិធានការដើម្បីការពារក្រុមហ៊ុនក្នុងស្រុកក្រោយពីសហរដ្ឋអាមេរិកហាមឃាត់នាំចូលឧបករណ៍ទូរគមនាគមន៍

ដោយ: លាងហួរ

ប៉េកាំង: ក្រសួងពាណិជ្ជកម្មចិន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូថា ប្រទេសចិនប្រឆាំងនឹងការហាមឃាត់ ពីសំណាក់គណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក លើការនាំចូលឧបករណ៍ទូរគមនាគមន៍ថ្មីរបស់ខ្លួន។

នេះបើយោងតាមការចេញផ្សាយ ដោយសារពត៌មានរ៉យទ័រ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ ទីក្រុងប៉េកាំងបានប្តេជ្ញាថា នឹងអនុម័តវិធានការចាំបាច់ ដើម្បីការពារសិទ្ធិរបស់ក្រុមហ៊ុនក្នុងស្រុករបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋបាលសហរដ្ឋអាមេរិក របស់លោកចូ បៃដិន បានហាមឃាត់លើការលក់ ឬការនាំចូលឧបករណ៍ទូរគមនាគមន៍ថ្មីពីក្រុមហ៊ុន Huawei Technologies និងក្រុមហ៊ុន ZTE របស់ប្រទេសចិន ដោយសហរដ្ឋអាមេរិក ដោយបានលើកឡើងពីហានិភ័យនៃសន្តិសុខជាតិរបស់ខ្លួន។

អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មចិន លោកស្រី Shu Jueting បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានមួយថា ប្រទេសចិននឹងអនុម័តវិធានការចាំបាច់ ដើម្បីការពារសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន ក្នុងស្រុក ដោយជំរុញឱ្យសហរដ្ឋអាមេរិកកែកំហុស និងបញ្ឈប់ការបង្កឱ្យបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មក្លាយជារឿងនយោបាយ។

ចំណាត់ការរបស់គណៈកម្មការទំនាក់ទំនង សហព័ន្ធរបស់សហរដ្ឋអាមេរិក តំណាងឱ្យការបង្រ្កាបដ៏ថ្មីបង្អស់ របស់ទីក្រុងវ៉ាស៊ីនតោនលើក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិន ស្របពេលមានការភ័យខ្លាចថា ទីក្រុងប៉េកាំង អាចប្រើប្រាស់បច្ចេកវិទ្យាទាំងនោះ ដើម្បីធ្វើចារកម្មលើជនជាតិអាមេរិក។

ចំណែកក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE បានបដិសេធចំពោះ ការចោទប្រកាន់ របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថា ខ្លួនអាចឈ្លបយកការណ៍លើអតិថិជនរបស់សហរដ្ឋអាមេរិក និងបង្កការគំរាមកំហែងដល់សន្តិសុខជាតិរបស់អាមេរិក។

កាលពីខែមីនា ឆ្នាំ២០២១ ទីក្រុងវ៉ាស៊ីនតោនបានដាក់បញ្ចូលក្រុមហ៊ុនចិនចំនួន៥ទៅក្នុងបញ្ជីខ្មៅ រួមមានក្រុមហ៊ុនHuawei ក្រុមហ៊ុនZTE ក្រុមហ៊ុនទូរគមនាគមន៍ Hytera Communications Corp ក្រុមហ៊ុនឃ្លាំមើលវីដេអូ Hikvision និងក្រុមហ៊ុនផលិតឧបករណ៍ឃ្លាំមើល Dahua ៕

LEAVE A REPLY

Please enter your comment!
Please enter your name here