ប្រធានធនាគារពិភពលោកនិយាយថា បណ្តាប្រទេសក្រីក្របំផុតជំពាក់បំណុលទ្វេរភាគីចំនួន៦២ពាន់លានដុល្លារ

ដោយ: លាងហួរ

វ៉ាស៊ីនតោន: ប្រធានធនាគារពិភពលោកលោក David Malpass បានមានប្រសាសន៍ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា បច្ចុប្បន្ននេះ បណ្តាប្រទេសក្រីក្របំផុត នៅលើពិភពលោកជំពាក់បំណុលប្រចាំឆ្នាំក្នុងទំហំទឹកប្រាក់រហូតដល់៦២ពាន់លានដុល្លារ ដល់ម្ចាស់បំណុលទ្វេរភាគី ពោលគឺកើនឡើង៣៥ភាគរយធៀបនឹងឆ្នាំ២០២១។

លោក Malpass បានប្រាប់សន្និសីទកាសែត Reuters NEXTនៅទីក្រុងញូវយ៉កថា បច្ចុប្បន្ននេះ ពីរភាគបីនៃបន្ទុកបំណុលទាំងនោះ គឺជំពាក់ប្រទេសចិន។

លោក Malpass ក៏បានមានប្រសាសន៍ផងដែរថា លោកមានការព្រួយបារម្ភអំពីការកើនឡើង នៃបំណុលនៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿន ដូចជា សហរដ្ឋអាមេរិក ពីព្រោះបញ្ហានេះ កំពុងទាញដើមទុនកាន់តែច្រើនចេញពីប្រទេសកំពុងអភិវឌ្ឍន៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដូច្នេះហើយ នៅពេលដែលអត្រាការប្រាក់កើនឡើង សេវាបំណុលក៏កើនឡើងសម្រាប់ប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿន ហើយវានឹងត្រូវការដើមទុនយ៉ាងច្រើនពីពិភពលោក។

លោក Malpass បានបន្ថែមថា លោកនឹងចូលរួមកិច្ចប្រជុំ នៅប្រទេ​សចិនក្នុងសប្តាហ៍ក្រោយ ជាមួយប្រធានស្ថាប័នអន្តរជាតិ និងអាជ្ញាធរចិន ដើម្បីពិភាក្សាអំពីវិធីសាស្រ្ត ក្នុងការបន្ធូរបន្ថយបំណុល សម្រាប់ប្រទេសក្រីក្រ គោលនយោបាយកូវីដ១៩ ភាពចលាចលក្នុងវិស័យអចលនទ្រព្យ និងបញ្ហាសេដ្ឋកិច្ចផ្សេងទៀត។

លោកស្រី Kristalina Georgieva  ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ក៏គ្រោងចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ ដោយលោកស្រីនឹងផ្តោតយ៉ាងខ្លាំងលើវិធីដោះស្រាយបំណុល។

នៅក្នុង​ចំណោម​អ្នក​ចូល​រួម​ទាំង​អស់​ នឹង​មាន​មន្ត្រី​មក​ពី​ធនាគារ​អភិវឌ្ឍន៍​ប្រទេស​ចិន និង​ធនាគារ​នាំ​ចេញ ​-នាំ​ចូល​របស់​ប្រទេស​ចិន ដែល​ជា​អ្នក​ផ្តល់​កម្ចី​ទ្វេរភាគី​ដ៏សំខាន់​ពីរ​របស់​ប្រទេសនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here