សម្តេចតេជោផ្តល់អនុសាសន៍៥ចំណុចដើម្បីពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការក្នុងការកសាងនិងតភ្ជាប់ទីក្រុងអាស៊ាន

ដោយៈ សុផារី

ភ្នំពេញៈ ក្នុងគោលដៅចូលរួមផ្តល់ជាធាតុចូលសម្រាប់ការពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន ឱ្យកាន់តែខ្លាំងថែមទៀតក្នុងការកសាង និងតភ្ជាប់ទីក្រុងអាស៊ាន ឆ្ពោះទៅរកការកសាងសហគមន៍អាស៊ាន ប្រកប​ដោយចីរភាព បរិយាបន្ន និងភាពធន់ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកនូវអនុសាសន៍ផ្ទាល់ខ្លួនចំនួន៥ចំណុច។

សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងនៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២។

អនុសាសន៍ទាំងនោះ រួមមាន ទី១ ត្រូវធានាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ដែលជាមូលដ្ឋានគ្រឹះចម្បង និងសំខាន់បំផុតសម្រាប់ការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព។ ទី២ រដ្ឋបាលក្រុង រាជធានី និងរដ្ឋធានីអាស៊ាន ត្រូវយកចិត្តទុកដាក់ទៅលើការកសាងទីក្រុងឆ្លាត ដោយមានការគិតគូរអំពីការសម្រួល ដល់ការផ្លាស់ប្ដូររបៀបរបបរស់នៅតាមគន្លងប្រក្រតីភាពថ្មី និងការសម្របខ្លួនរបស់ប្រជាជនទៅនឹងការផ្លាស់ប្តូរប្រជាសាស្ត្រ ឬការប្រែប្រួលណាមួយ ដែលអាចកើតមានឡើងទាំងពេលបច្ចុប្បន្ន និងអនាគត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី៣ រដ្ឋបាលក្រុង រាជធានី និងរដ្ឋធានីអាស៊ាន ដែលស្ថិតនៅជាប់ផ្ទាល់ជាមួយប្រជាជន ត្រូវលើកកម្ពស់ការយល់ដឹង និងសមត្ថភាពក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល ព្រមទាំងការចាប់ផ្តើមយកចិត្តទុកដាក់លើសេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចបៃតង ហើយក៏ត្រូវបង្កបរិយាកាសងាយស្រួល ដល់ការធ្វើការអាជីវកម្ម ធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ និងដោះស្រាយបញ្ហាចំពោះមុខផ្សេង ដែលប៉ះពាល់ ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

ទី៤ គ្រប់ភាគីត្រូវសហការគ្នាក្នុងការជំរុញល្បឿន និងពង្រីកសក្តានុពលនៃការតភ្ជាប់ និងសមាហរណកម្មទីក្រុងឆ្លាតអាស៊ាន ឱ្យកាន់តែខ្លាំងឡើង តាមរយៈការរួមគ្នា លើកកម្ពស់ឌីជីថលូបនីយកម្ម និងបរិវត្ត កម្មឌីជីថល ដែលមានសក្តានុពលខ្ពស់ ក្នុងការអភិវឌ្ឍ និងតភ្ជាប់គ្រប់វិស័យទាំងក្នុងប្រទេស និងតំបន់។

ទី៥ រដ្ឋបាលក្រុង រាជធានី និងរដ្ឋធានីអាស៊ាន ត្រូវជំរុញឱ្យកាន់តែខ្លាំងថែមទៀតនូវវប្បធម៌ផ្លាស់ប្ដូរចំណេះដឹង និងចែករំលែកបទពិសោធន៍ ជុំវិញការកសាងទីក្រុងឆ្លាត ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងឌីជីថល ក៏ដូចជា ការធានាសុខសន្តិសុខ ស្ថិរភាព និងសោភ័ណភាពទីក្រុងតាមរយៈការគ្រប់គ្រងទឹកស្អាត អគ្គីសនី សំណល់ ប្រកបដោយប្រសិទ្ធភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here