ប្រទេសកម្ពុជាចម្រាញ់មាសសរុបបានជិត៥តោន គិតមកដល់ចុងខែវិច្ឆិកានេះ

ដោយ៖ សុផារី

ភ្នំពេញ៖ គិតមកដល់ចុងខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមហ៊ុនកំពុងធ្វើអាជីកម្មរ៉ែមាសនៅកម្ពុជាមានចំនួន៤ និងចម្រាញ់មាសសរុបបានជិត៥តោនហើយ នៅក្នុងប្រតិបត្តិការរុករក និងការចម្រាញ់រ៉ែមាសរបស់ខ្លួន។

លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងពិធីសំណេះសំណាលជាមួយនិវត្តជន នៃក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា ជុំវិញការធ្វើអាជីវកម្មរ៉ែមាសនេះ ក្នុងរយៈពេល២ទៅ៣ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងបានឈានទៅធ្វើអាជីវកម្មជាបណ្តើរៗ នៅតាមតំបន់ទីតាំងផ្សេងៗគ្នា ជាលក្ខណៈឧស្សាហកម្មខ្នាតតូចផង និងជាឧស្សាហកម្មខ្នាតធំផង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គិតមកដល់ចុងខែវិច្ឆិកា ឆ្នាំ ២០២២ ក្រុមហ៊ុនចំនួន៤ ដែលកំពុងប្រតិបត្តិធ្វើអាជីវកម្មចម្រាញ់មាស សរុបបានជិត៥តោនមាសរួចហើយ រួមមានក្រុមហ៊ុន Renaissance Minerals Investment មានទីតាំងធ្វើអាជីវកម្ម និងចម្រាញ់មាស ស្ថិតនៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី ក្រុមហ៊ុន Xinshan Industrial Cambodia តំបន់ភ្នំម្លុង ស្រុករវៀង ខេត្តព្រះវិហារ ក្រុមហ៊ុន Xing Yuan Kanng Yeak នៅស្រុកសំបូរ ខេត្តក្រចេះ និងក្រុមហ៊ុន Delcom Kampuchea មានទីតាំងនៅស្រុករវៀង ខេត្តព្រះវិហារ។

ក្នុងនោះ ក្រុមហ៊ុន Xing Yuan Kanng Yeak ចម្រាញ់មាសបានចំនួន២២គីឡូក្រាម ក្រុមហ៊ុន Xinshan Industrial Cambodia បាន៤៥គីឡូក្រាម ក្រុមហ៊ុន Delcom Kampuchea ចំនួន១៦០គីឡូក្រាម ដោយក្រុមហ៊ុនទំាងបីនេះចម្រាញ់ចេញជាមាសទឹក១០។ ចំណែកក្រុមហ៊ុន Renaissance Minerals Investment ដែលជាក្រុមហ៊ុនឧស្សាហកម្មខ្នាតធំ ចម្រាញ់មាសទឹក៩ បានចំនួនប្រមាណ៤.៥៩៨គីឡូក្រាមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here