សុខុម
CNN: ជារៀងរាល់ខែ ថ្លៃចំណាយលើការទ្រទ្រង់ជីវភាពរស់នៅចេះតែកើនឡើងឥតឈប់ឈរ ដែលធ្វើឱ្យប្រជាជនទូទាំងពិភពលោកជួបការលំបាកកាន់តែខ្លាំងឡើងៗ។
យោងតាមសន្ទស្សន៍ថ្លៃទ្រទ្រង់ជីវភាពទូទាំងពិភពលោក (Worldwide Cost of Living Index) សម្រាប់ឆ្នាំនេះផ្សាយដោយ Economist Intelligence Unit (EIU) ដែលជាស្ថាប័នស្រាវជ្រាវ និងវិភាគធំបំផុតរបស់ពិភពលោកឱ្យដឹងថា ថ្លៃទ្រទ្រង់ជីវភាពជាមធ្យមបានកើនឡើង៨,១%ក្នុងឆ្នាំ២០២២ ដោយសារតែវិបត្តិសង្គ្រាមរុស្ស៊ី ចូលឈ្លានពានអ៊ុយក្រែន និងវិបត្តិកូវីដ-១៩។
លោកស្រី Upasana Dutt ប្រធានផ្នែកសិក្សាស្រាវជ្រាវ និងវិភាគថ្លៃទ្រទ្រង់ជីវភាពទូទាំងពិភពលោកប្រចាំស្ថាប័ន EIU បានចេញសេចក្ដីថ្លែងការណ៍ថា “សង្គ្រាមនៅអ៊ុយក្រែន ទណ្ឌកម្មរបស់លោកខាងលិច លើប្រទេសរុស្ស៊ី និងគោលនយោបាយសូន្យកូវីដ របស់ប្រទេសចិន ដែលបាបានបង្កបញ្ហារអាក់រអួលដល់សង្វាក់ផ្គត់ផ្គង់ បូករួមអត្រាការប្រាក់កើនឡើងឥតឈប់ឈរ និងការប្រែប្រួលនូវអត្រាប្ដូរប្រាក់ បានបណ្ដាលឱ្យកើតមានវិបត្តិថ្លៃទ្រទ្រង់ជីវភាពទូទាំងពិភពលោក”។
លោកស្រីបានបន្ថែមទៀតថា “យើងអាចមើលឃើញយ៉ាងច្បាស់នូវផលប៉ះពាល់នៅក្នុងសន្ទស្សន៍ឆ្នាំនេះ ដោយថ្លៃទំនិញជាមធ្យមនៅក្នុងទីក្រុងចំនួន១៧២នៅក្នុងការស្ទង់មតិរបស់យើងហក់ឡើងខ្ពស់បំផុតដែលយើងមិនធ្លាប់ជួបក្នុងរយៈពេល២០ឆ្នាំមកនេះ។ ថ្លៃប្រេងឥន្ធនៈនៅក្នុងទីក្រុងនានាគឺហក់ឡើងខ្ពស់គិតមកទល់នឹងឆ្នាំមុន ប៉ុន្តែថ្លៃចំណីអាហារ ទឹកភ្លើង និងទំនិញប្រើប្រាស់ក្នុងផ្ទះកំពុងហក់ឡើងថ្លៃកាន់តែខ្ពស់ទៅៗសម្រាប់អ្នករស់នៅក្នុងទីក្រុង”។
ដូចនេះ តើទីក្រុងណាខ្លះជាប់ចំណាត់ថ្នាក់កំពូលទាំង១០ ជាទីក្រុងដែលមានថ្លៃទ្រទ្រង់ជីវភាពខ្ពស់បំផុតក្នុងពិភពលោកប្រចាំឆ្នាំ២០២២?
យោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី០១ ដើមខែធ្នូ នេះបង្ហាញថា ទីក្រុងទាំង១០នោះមានដូចជា៖
*ចំណាត់ថ្នាក់លេខ ១៖ ក្រុងញូវយ៉ក និងសិង្ហបុរី (រួមគ្នា)
*ចំណាត់ថ្នាក់លេខ ៣៖ ក្រុងតេវ អាវីវ ប្រទេសអ៊ីស្រាអែល
*ចំណាត់ថ្នាក់លេខ ៤៖ ក្រុងហុងកុង និងឡូសអែនជើឡេស (រួមគ្នា)
*ចំណាត់ថ្នាក់លេខ ៦៖ ក្រុងហ្ស៊ូរិច ប្រទេសស្វីស
*ចំណាត់ថ្នាក់លេខ ៧៖ ក្រុងហ្សឺណែវ ប្រទេសស្វីស
*ចំណាត់ថ្នាក់លេខ ៨៖ សានហ្វ្រានស៊ីស្កូ និងកាលីហ្វ័រញ៉ា
*ចំណាត់ថ្នាក់លេខ ៩៖ ក្រុងប៉ារីស ប្រទេសបារាំង
*ចំណាត់ថ្នាក់លេខ ១០៖ ក្រុងកូប៉ិនហាក ប្រទេសដាណឺម៉ាក ៕