ប្រទេសកម្ពុជាមានទុនបម្រុងអន្តរជាតិចំនួនជិត១៨ពាន់លានដុល្លារអាមេរិក

ដោយ៖ សុផារី

ភ្នំពេញ៖ ទោះបីគិតត្រឹមខែកញ្ញា ឆ្នាំ២០២២ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានចំនួន១៧,៧ពាន់លានដុល្លារអាមេរិក ថយចុះប្រមាណ១០,៣% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។

លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា បើទោះបីទុនបម្រុងអន្តរជាតិរបស់កម្ពុជាថយចុះបន្តិចក្តី ទុនបម្រុងអន្តរជាតិរបស់កម្ពុជា ស្ថិតក្នុងកម្រិតមួយរឹងមាំ ដែលអាចបង្ការហានិភ័យសេដ្ឋកិច្ចជាយថាហេតុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកពន្យល់ថា ប្រទេសមួយ ត្រូវរក្សារទុនបម្រុងអន្តរជាតិ ក្នុងទំហំយ៉ាងតិចធានាបានសម្រាប់រយៈពេល ៣ខែ នៃទំហំទឹកប្រាក់នាំចូលទំនិញសរុប។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ ទុនបម្រុងអន្តរជាតិរបស់កម្ពុជា បានថយចុះប្រមាណ១០,៣% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ដែលបណ្តាលមកពីការកើនឡើងនៃអត្រាការប្រាក់ ធ្វើឱ្យប្រែប្រួលតម្លៃក្នុងទីផ្សារមូលបត្រ ការថយថ្លៃមាស និងការថយថ្លៃរូបិយប័ណ្ណសំខាន់ៗ ធៀបនឹងប្រាក់ដុល្លារអាមេរិក។

ទុនបម្រុងអន្តរជាតិនៃប្រទេសមួយ សំដៅលើទ្រព្យសម្បត្តិ ដែលទទួលស្គាល់ជាអន្តរជាតិ ដែលប្រទេសមួយមាន និងត្រូវបានគ្រប់គ្រងដោយអាជ្ញាធររូបិយវត្ថុ សម្រាប់ប្រើក្នុងករណីចាំបាច់ដូចជា ការផ្តល់ហិរញ្ញប្បទានដល់ជញ្ជីងទូទាត់ ប្រសិនបើមានតម្រូវការ, ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដើម្បីគ្រប់គ្រងការប្រែប្រួលអត្រាប្តូរប្រាក់ និងការរក្សាជំនឿទុកចិត្តលើរូបិយវត្ថុ និងសេដ្ឋកិច្ចជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here