ដំណឹងល្អ ក្រុមហ៊ុនជប៉ុនមីនេបៀគ្រោងបង្កើតរោងចក្រធំមួយនៅក្នុងខេត្តពោធិ៍សាត់

ដោយ៖ សុផារី

ភ្នំពេញ៖ ថ្លែងក្នុងពិធីអបអរសាទរខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ នៅថ្ងៃទី០១ ខែធ្នូនេះ ស​ម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា នឹងនាំក្រុមហ៊ុន មីនេបៀ ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ទៅពិនិត្យលទ្ធភាពបង្កើតរោងចក្រធំមួយ នៅក្នុងខេត្តពោធិ៍សាត់។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា “តាមដឹងលោក កែវ រតនៈ រាយការណ៍ឱ្យខ្ញុំថានឹងនាំលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា នាយកប្រតិបត្តិក្រុមហ៊ុនមីនេបៀ ទៅខេត្តពោធិ៍សាត់ ដើម្បីទៅដាក់រោងចក្រមួយ ដែលមានកម្លាំង៩០មេហ្កាវ៉ាត់ នៅទីនោះស្រាប់ ដែលប្រើដោយពន្លឺព្រះអាទិត្យ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនជាមានការតម្លើងរោងចក្រមួយទៀត នៅខេត្តពោធិ៍សាត់ គឺសម្ដេចប្រាប់ឱ្យតម្លើងនៅក្បែរនោះ ហើយយកថាមពលចេញពីពន្លឺព្រះអាទិត្យ ដើម្បីផ្គត់ផ្គង់រោងចក្រតែម្ដង។

សម្តេចបញ្ជាក់ថា ជាទូទៅ នៅពេលអ្នកវិនិយោគិនជប៉ុនមកវិនិយោគនៅកម្ពុជា តែងតែគិតគូរចំណុចសំខាន់ពីរគឺ ទីមួយ តម្លៃអគ្គិសនី ព្រោះរឿងនេះ វាទាក់ទងនឹងផលចំណេញ និងទីពីរគឺពលកម្មជំនាញ។

សម្ដេចតេជោ ហ៊ុន សែនបានជំរុញ ការបណ្ដុះបណ្ដាលធនធានមនុស្សឱ្យកាន់តែច្រើន ហើយក្រុមហ៊ុនមីនេបៀ មិនមែនគ្រាន់តែពង្រីក៦ពាន់នាក់នោះទេ នឹងមានការពង្រីកបន្ថែមទៀត ដែលនេះ ត្រឹមជាដំណាក់កាល ត្រឹមឆ្នាំទី១១ ហើយក្រុមហ៊ុនមីនេបៀ មិនមែននៅជាមួយកម្ពុជា ត្រឹម២០-៣០ឆ្នាំទេ គឺអាចនៅជាមួយកម្ពុជាយូរជាងនេះ។

ក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញ ទៅលក់នៅក្រៅប្រទេស។ បច្ចុប្បន្នក្រុមហ៊ុនមានផលិតអំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ។ ក្រុមហ៊ុននេះមានទុនវិនិយោគនៅកម្ពុជារហូតដល់ទៅ ៦០០លានដុល្លារអាមេរិក និងផ្តល់ការងារជូនពលរដ្ឋខ្មែរបានជាង៦ពាន់នាក់។ បច្ចុប្បន្នក្រុមហ៊ុននេះ បានដាក់ទុនវិនិយោគសរុបរហូតដល់១,១២៤ពាន់លានយេន ស្មើនឹងជាង៨ពាន់លានដុល្លារ នៅ៩៥កន្លែងទូទាំងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here