កម្ពុជា ចិនសហការបណ្តុះបណ្តាលជំនាញចុងភៅធ្វើម្ហូបបែបចិន នៅខេត្តសៀមរាប

 ដោយៈ គង់ ម៉ាលីនណា

       សៀមរាបៈ លោកប៉ាក់ សុខុម ជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោ​ងហូកា រួមជាមួយលោក លោក Lin Lin អគ្គនាយករងក្រសួងធនធានមនុស្ស និងសុវត្ថិភាពសង្គម នៃខេត្តហៃណាន សាធារណៈរដ្ឋប្រជាមានិតចិន លោក Yutong Lui បានអញ្ជើញជាធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ជំនាញចុងភៅម្ហូបបែបចិនដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូរ។

វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមសរុបចំនួន២៣រូប ដែលកំពុងបម្រើការងារលើជំនាញឆុងភៅនៅក្នុងខេត្តសៀមរាប។

លោកប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍បានបញ្ជាក់ជូនអង្គពីធីថា កម្មវិធីបណ្តុះបណ្តាលនេះបានបង្ហាញអំពី កិច្ចសហការយ៉ាងជិតស្និតរវាងក្រសួងទេសចរណ៍ និងអង្គការILO ដែលបានធ្វើការយ៉ាងល្អជាមួ​យគ្នាកន្លងមក ហើយមកដល់បច្ចុប្បន្ន តាមរយៈគម្រោងភាពជាដៃគូរ ILO-China ក្រសួងទេសចរណ៍មានឱកាសពង្រីកទំនាក់ទំនង ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍បន្ថែមទៀត ជាមួយមហាវិទ្យាល័យបច្ចេកទេសនៃទីក្រុងហៃខូវ ប្រទេសចិន ក៏ដូចជាភ្ជាប់ទំនាក់ទំនង ជាមួយសាលាបដិសណ្ឋារកិច្ច និងទេសចរណ៍នៅខេត្តសៀមរាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចសហការនេះ រួមមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ស្ពូន សាលាសណ្ឋាគារ សាលាបាយ សាលាសណ្ឋារនិងទេសចរណ៍ ប៉ូលឌុយប្រ៊ូល និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ Feeding Dream ហើយការរួបរួមគ្នាដោយយកចិត្តទុកដាក់ ពីគ្រប់ភាគីពាក់ព័ន្ធនេះ នឹងចូលរួមចំណេក ក្នុងការលើកកម្ពស់ជំនាញ វិជ្ជាជីវៈទេសចរណ៍នៅកម្ពុជានិយាយជារួម និងសម្រាប់ជំនាញចុងភៅ និយាយដោយឡែក។

លោក Yutong Lui អ្នកគ្រប់គ្រងកម្មវិធីភាពជាដៃគូរ ILO-China បានថ្លែងថា អង្គការILO ដែលតែងយកចិត្តទុកដាក់ ដល់ការលើកម្ពស់ជំនាញ និងផ្តល់ឱកាសការងារសមរម្យដល់យុវជន តាមរយៈការបណ្តុះបណ្តាលវិជ្ជាជិវៈក្នុងទម្រង់ Up-Skilling ឬ Re-Skilling ហើយកន្លងមកអង្គការ ILO បានគាំទ្រមកកាន់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា សម្រាប់គម្រោងបណ្តុះបណ្តាល និងស្តារជំនាញក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយបានផ្តល់ការបណ្តុះបណ្តាល អ្នកជំនាញចំនួន១៦០រូប ក្នុងផ្នែសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងគម្រោងបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍។

វគ្គបណ្តុះបណ្តាលនេះ នឹងផ្តោតសម្រាប់ខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យចាប់ខែមករា ឆ្នាំ២០២៣ខាងមុខ លើជំនាញការិយា​ល័យជួរមុខ និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ សម្រាប់សិក្ខាកាមចំនួន៦៧៥រូប។

លោក Shi Lei ព្រឹទ្ធបុរសនៃមហាវិទ្យាល័យបច្ចេកទេសហៃខូវ ខេត្តហៃណាន បានគូសបញ្ជាក់ថា តាមរយៈកម្មវិធីភាពជាដៃគូរ ILO-China មហាវិទ្យាល័យបច្ចេកទេសហៃខូវ ខេត្តហៃណាន បានចាត់បញ្ជូនគ្រូជំនាញចុងភៅម្ហូបបែបចិនរបស់ខ្លួន ដើម្បីចែករំលែក និងផ្តល់នូវការបណ្តុះបណ្តាលជំនាញដល់សិក្ខាកាម លើម្ហូបបែបចិនរសជាតិដើមចំនួន ៣មុខ រួមមាន៖ បាយមាន់ហៃណាន ត្រីចៀនជូរអែម និងបង្ហាឆា ដែលវគ្គបណ្តុះបណ្តាលនេះទេ នឹងផ្តល់នូវពុទ្ធិថ្មីបន្ថែមទៀតពីវប្បធម៌ និងវិធីសាស្ត្រពិតប្រាកដនៃការចម្អិនម្ហូបខេត្តហៃណាន ដែលមានប្រវត្តិយូរលង់ណាស់មកហើយ ដល់ចុងភៅកម្ពុជា។

លោក Lin Lin អគ្គនាយករងក្រសួងធនធានមនុស្ស និងសុវត្ថិភាពសង្គមនៃខេត្តហៃណាន សាធារណៈរដ្ឋប្រជាមានិតចិន បានគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដែលអនុវត្តគម្រោងដោយកម្មវិធីភាពជាដៃគូរ ILO-China សំដៅពង្រឹងកិច្ចសហការជាពិសេសលើការពង្រឹងជំនាញវិជ្ជាជីវៈ ដែលជាមុំដ៏សំខាន់របស់គោលដៅប្រកបដោយនិរន្តរភាព (Sustainable Development Goal) ទី៨ ផ្តោតលើកំណើនសេដ្ឋកិច្ច និងការងារសមរម្យ (Decent Work and Economic Development)។

កម្មវិធីនេះ ក៏ត្រូវនឹងកាលៈទេសៈបច្ចុប្បន្ន សម្រាប់ស្តារឡើងវិញនូវជំនាញវិជ្ជាជីវៈក្រោយវិបន្តិជំងឺកូវី-១៩ សំដៅជំរុញបង្កើតឱកាសការងារ និង​ផលិតភាពការងារ ក្នុងសកលភាវូបនីយកម្មសេដ្ឋកិច្ចពិភពលោក និងភាពធននឹងវិបត្តិ នៃកក្តាវិបត្តិជាសកលនានា ដែលកំពុងកើតមានផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here