ដោយ: លាងហួរ
ប៊្រុចសែល: គណៈកម្មការអឺរ៉ុបបានស្នើផែនការមួយឡើង កាលពីថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ដើម្បីផ្តល់សំណងដល់អ៊ុយក្រែន ជាមួយនឹងថវិកាចំណេញបាន មកពីការវិនិយោគមូលនិធិរបស់រុស្ស៊ី ដែលត្រូវបានបង្កកក្រោមទណ្ឌកម្មរបស់EU។
នេះបើយោងតាមការចេញផ្សាយ ដោយសារពត៌មានReutersកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
ក្រុមមន្ត្រីក្នុងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ព្រមទាំងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត បានជជែកគ្នាជាយូរមកហើយថា តើអ៊ុយក្រែន អាចនឹងទទួលបានផលប្រយោជន៍ ពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក រួមទាំងប្រាក់បម្រុងធនាគារកណ្តាលរបស់រុស្ស៊ី ប្រហែល៣០០ពាន់លានដុល្លារ និង២០ពាន់លានដុល្លារទៀតរបស់ជនជាតិរុស្ស៊ី ដែលជាប់ក្នុងបញ្ជីខ្មៅឬយ៉ាងណា។
ទីក្រុងមូស្គូបាននិយាយថា ការរឹបអូសយកមូលនិធិរបស់រុស្ស៊ី ឬរបស់ពលរដ្ឋខ្លួន គឺស្មើទៅនឹងចោរលួច។
លោកស្រី Ursula von der Leyen ប្រធានប្រតិបត្តិរបស់សហភាពអឺរ៉ុបបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសរុស្ស៊ីត្រូវតែបង់ថ្លៃខូចខាត ដែលរុស្ស៊ី ខ្លួនឯងបានបង្កឡើងលើអ៊ុយក្រែន។ លោកស្រីបានបន្តថា សង្គ្រាមរបស់រុស្ស៊ី បានបង្កជាការខូចខាត ក្នុងទំហំទឹកប្រាក់ប្រមាណ៦០០ពាន់លានអឺរ៉ូ ហើយប្រទេសរុស្សី និងមន្ត្រីរាជការរបស់ខ្លួន ត្រូវផ្តល់សំណងដល់អ៊ុយក្រែន សម្រាប់ការខូចខាតទាំងនោះ និងការចំណាយលើការកសាងប្រទេសឡើងវិញ។
ក្រុមមន្ត្រីគណៈកម្មការអឺរ៉ុបបាននិយាយថា បណ្តាប្រទេសលោកខាងលិចមានជម្រើសរយៈពេលខ្លីមួយ គឺបង្កើតមូលនិធិមួយដើម្បីគ្រប់គ្រង និងវិនិយោគ លើទ្រព្យងាយបង្វិលរបស់ធនាគារកណ្តាលរុស្ស៊ី ហើយប្រើប្រាស់ថវិកាចំណេញ ដែលបានមកពីសកម្មភាពទាំងនោះ ដើម្បីគាំទ្រដល់អ៊ុយក្រែន។
ចំណែកទ្រព្យសម្បត្តិទាំងនោះ នឹងត្រូវបានប្រគល់ជូនម្ចាស់ដើមរបស់ពួកគេវិញ នៅពេលដែលទណ្ឌកម្មត្រូវបានដកចេញ ហើយនេះអាចជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាព ដែលធានាថាប្រទេសអ៊ុយក្រែនទទួលបានសំណងសម្រាប់ការខូចខាត។
មន្ត្រីមួយរូបបាននិយាយថា វាមិនងាយស្រួលទេ ដូច្នេះវានឹងត្រូវការការគាំទ្រយ៉ាងរ៉ឺងមាំពីសហគមន៍អន្តរជាតិ ប៉ុន្តែយើងជឿជាក់ថា យើងនឹងអាចធ្វើបាន។
ទាក់ទិននឹងការរឹបអូសទ្រព្យសម្បត្តិ ដែលត្រូវបានបង្កកលើបុគ្គល និងអង្គភាពឯកជនរបស់រុស្ស៊ី ជាធម្មតាអាចធ្វើទៅបាន តែតាមផ្លូវច្បាប់ប៉ុណ្ណោះនៅពេលដែលមានការផ្តន្ទាទោសព្រហ្មទណ្ឌ។
គណៈកម្មការអឺរ៉ុបបានស្នើឡើងថា ការរំលោភលើការដាក់ទណ្ឌកម្មអាចចាត់ទុកជាបទល្មើស ដែលអនុញ្ញាតឱ្យមានការរឹបអូសបាន។
លោកស្រី Von der Leyen ក៏បានមានប្រសាសន៍ផងដែរថា គណៈកម្មការអឺរ៉ុប កំពុងស្នើសុំបង្កើតតុលាការឯកទេសមួយ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីស៊ើបអង្កេត និងកាត់ទោសឧក្រិដ្ឋកម្មឈ្លានពានរបស់រុស្ស៊ី៕