ដោយ៖ សុផារី
ភ្នំពេញ៖ គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើ ពីអតិថិជនមានជាង៤,៦៨ពាន់លានដុល្លារ ដោយមានអតិថិជនដាក់ប្រាក់បញ្ញើប្រមាណ២,៦៤លានគណនី។ ចំណែកការទទួលឥណទានវិញ មានទឹកប្រាក់៩,២២ពាន់លានដុល្លារ។
នេះបើតាមលោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា (NBC) ឱ្យដឹងថា ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” រៀបចំឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក រ័ត្ន សុវណ្ណនរៈ បានឱ្យដឹងថា គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២ ទំហំទ្រព្យសកម្ម របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទមានប្រមាណ៤៣,៧៦ទ្រីលានរៀល ស្មើ១០,៦២ពាន់លានដុល្លារអាមេរិក ក្នុងនោះប្រាក់កម្ចីសរុបមានប្រមាណ៣៧,៩៧ទ្រីលានរៀល ស្មើ៩,២២ពាន់លានដុល្លារអាមេរិក ដែលបានផ្តល់ដល់អតិថិជនចំនួនជាង២,១៧លានគណនី។
លោកបានបញ្ជាក់ថា “ដោយឡែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើបានទទួលប្រាក់បញ្ញើសរុប១៩,២៩ទ្រីលានរៀល ស្មើនឹង៤,៦៨ពាន់លានដុល្លារអាមេរិក បានមកពីអតិថិជនដាក់ប្រាក់បញ្ញើប្រមាណ២,៦៤លានគណនី”។
យោងតាមអ្នកជំនាញរូបនេះ ទន្ទឹមនឹងការរីកចម្រើនរបស់វិស័យមីក្រូហិរញ្ញវត្ថុ វិស័យនេះនៅមានបញ្ហាប្រឈមមួយចំនួន ជាឧបសគ្គដល់ការបន្តអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុ និងការជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុខ្លះៗ ដូច្នេះដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ចាំបាច់ត្រូវតែមានការលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ជូនដល់អ្នកប្រើប្រាស់ពិសេសប្រជាពលរដ្ឋ និងអាជ្ញាធរនៅតាមមូលដ្ឋាន។
លោក គិត សុវណ្ណារិទ្ធ បានអះអាងថា ទោះបីជាមានបញ្ហាប្រឈមខ្លះៗ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ពិសេសផលប៉ះពាល់ ដោយសារការរីករាលដាល នៃជំងឺកូវីដ១៩ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា នៅតែរក្សាបានការរីកចម្រើន និងបន្តដើរតួនាទីសំខាន់ ក្នុងការចូលរួមចំណែកស្តារ និងបន្តអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា៕