តុលាការ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់របស់​កម្ពុជា​គ្រោងបើកដំណើរការ នៅឆ្នាំ២០២៣ខាងមុខនេះហើយ

ដោយ: លាងហួរ

ភ្នំពេញ: ក្រសួងយុត្តិធម៌កម្ពុជា និងដៃគូពាក់ព័ន្ធនានាកំពុងដំណើរការរៀបចំនីតិវិធី សម្រាប់ការដាក់ឱ្យដំណើរការជាផ្លូវការ នៃតុលាការពាណិជ្ជកម្ម ដែលតុលាការនេះគ្រោង នឹងចាប់ផ្តើមសវនាការលើវិវាទពាណិ ជ្ជកម្មនៅឆ្នាំ២០២៣ខាងមុខ។

នេះ​បើយោងតាមការ​បញ្ជាក់​ឱ្យដឹងរបស់​លោក ជីវ សុងហាក់ រដ្ឋលេ ខាធិការ​ក្រសួងយុត្តិធម៌ នៅក្នុង​សន្និសីទ​តុលាការ​ពាណិជ្ជកម្ម​កម្ពុជា ដែល​បាន​ប្រារព្ធ​ធ្វើឡើង​កាលពីព្រឹក​ថ្ងៃអង្គារ ក្រោម​កិច្ចសហការ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB)ប្រចាំ​នៅកម្ពុជា។

លោក ជីវ សុងហាក់ បានមានប្រសាសន៍ថា កាលពីដើមដំបូងឡើយ តុលាការពាណិជ្ជកម្មនេះ គ្រោងបើកដំណើរការក្នុងឆ្នាំ២០២២នេះ ប៉ុន្តែក្រោ​យមកក៏បានពន្យារពេល ដោយសារក្រសួងយុត្តិធម៌ បានជួបបញ្ហាប្រឈមមួយចំនួន ដែលចាំបាច់ត្រូវសិក្សាបន្ថែម ដូចជាកង្វះធនធានមនុស្ស កង្វះធនធានហិរញ្ញវត្ថុ កង្វះទីតាំងសមស្រប និងកង្វះនីតិវិធីច្បាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា “ទោះបីការបើកដំណើរការ មានភាពយឺតយ៉ាវបន្តិចយ៉ាងណាក្តី ប៉ុន្តែយើងបានបង្កើតតុលាការមួយ ដែលល្អ យុត្តិធម៌ និងអាចទទួលយកបាន ចំពោះសាធារណជន ដោយ​សារ​តែ​ប្រទេសយើង​មាន​សុខសន្តិភាព និង​កំណើន​សេដ្ឋកិច្ច ដូច្នេះយើង​ត្រូវ​តែ​មាន​តុលាការ​ប្រកបដោយជំនាញមួយ”។

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៍រូបនេះ បានមានប្រសាសន៍បញ្ជាក់ថា ជំហានដំបូង នៃការដាក់ឱ្យដំណើរការនឹងធ្វើឡើងនៅរាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោកឧកញ៉ា លឹម ហេង អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា (CCC)បានមានប្រសាសន៍ថា ប្រសិនបើយើងមានតុលាការពាណិជ្ជកម្មពិសេសមួយ វានឹងជួយជំរុញឱ្យមានលំហូរវិនិយោគ កាន់តែច្រើនចូលមកក្នុងប្រទេសកម្ពុជា ខណៈក្រុមអ្នកធុរកិច្ច អាចមានទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌របស់យើង។

លោកឧកញ៉ា បានមានប្រសាសន៍បន្ថែមថា កាលពីពេលកន្លង​មក យើង​បានជៀស​វាង​វិវាទ​ពាណិជ្ជកម្ម​ ដែល​បង្កឱ្យមានបទ​ល្មើស​ព្រហ្មទណ្ឌ និងជា​កង្វល់​សម្រាប់​ពាណិជ្ជករ ប៉ុន្តែប្រសិនបើ​ពេលនេះ យើង​មាន​តុលា​ការ​មួយប្រកបដោយយុត្តិធម៌ តម្លាភាព និង​មិន​ពុករលួយ ​សម្រាប់​ក្រុមពាណិជ្ជករ វានឹងក្លាយជាឱកាសដ៏ល្អក្នុងការទាក់ទាញការវិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here