វៀតណាមគ្រោងប្រែក្លាយប្រទេសជាមជ្ឈមណ្ឌលផលិតបន្ទះ អេឡិចត្រូនិក

ដោយ: លាងហួរ

ហាណូយ: ក្រុមសេដ្ឋវិទូក្នុងស្រុកបាននិយាយថា ការប្រណាំងប្រជែងលើបន្ទះឈីបសកលកំពុងឡើងកំដៅ ហើយប្រទេសវៀតណាមគួរតែបង្កើនជំហររបស់ខ្លួន ក្នុងផលិតកម្មបន្ទះអេឡិចត្រូនិក semiconductorសកល ខណៈក្រុមហ៊ុនឈានមុខគេមួយចំនួន កំពុងវិនិយោគលើការផលិតបន្ទះឈីបនៅក្នុងប្រទេសនេះ។

លោកសាស្ត្រាចារ្យ ង្វៀន ម៉ី ប្រធានសមាគមនៃសហគ្រាសវិនិយោគបរទេសវៀតណាម(VAFIE) បានមានប្រសាសន៍ថា ផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតកូវីដ១៩ និងជម្លោះពាណិជ្ជកម្ម ដ៏អូសបន្លាយបានបណ្តាលឱ្យមានការរំខាន ដល់ការផ្គត់ផ្គង់បន្ទះអេឡិចត្រូនិកsemiconductor ។

លោកបានបន្តថា បណ្តាក្រុមហ៊ុនសកលជាច្រើន ដែលប្រើប្រាស់បន្ទះអេឡិចត្រូនិក ដើម្បីបង្កើតស្មាតហ្វូន យានយន្តបើកបរដោយខ្លួនឯង បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ឬមជ្ឈមណ្ឌលទិន្នន័យបានបង្ខំចិត្ត ដើម្បីកាត់បន្ថយផលិតភាពរបស់ពួកគេ។

លោកសាស្ត្រចារ្យសង្កត់ធ្ងន់ថា “បណ្តាប្រទេសនានាកំពុងប្រជែងគ្នាផលិតបន្ទះអេឡិចត្រូនិក និងបន្ទះឈីប។  ជាពិសេសក្រសួងពាណិជ្ជកម្មអាមេរិក (DOC) បានចេញផ្សាយយុទ្ធសាស្រ្តរបស់ខ្លួន សម្រាប់ការអនុវត្តកម្មវិធី CHIPS ចំនួន៥០ពាន់លានដុល្លារអាមេរិក”។ លោកបន្តថា “ប្រទេសចិនបានបង្កើនការចំណាយរបស់ខ្លួនទ្វេដង និងបានអនុម័តគោលនយោបាយ ដើម្បីគាំទ្រដល់បណ្តាក្រុមហ៊ុនផលិតបន្ទះអេឡិចត្រូនិក”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសវៀតណាម ក៏បានក្លាយជាមជ្ឈមណ្ឌល នៃឧស្សាហកម្មបន្ទះអេឡិចត្រូនិកsemiconductor ខណៈក្រុមហ៊ុន Samsung បានប្រកាសពីផែនការបោះទុនវិនិយោគ បន្ថែមចំនួន៩២០លានដុល្លារ ក្នុងការផលិត បន្ទះអេឡិចត្រូនិក semiconductor ចាប់ពីខែកក្កដា ឆ្នាំ២០២៣។

ប្រទេសវៀតណាមក៏ជាមជ្ឈមណ្ឌលប្រមូលផ្តុំ និងរោងចក្រសាកល្បងដ៏ធំបំផុតរបស់ក្រុមហ៊ុន Intel ក្រោមទុនវិនិយោគចំនួន១,៥ពាន់លានដុល្លារ។

លោក Đỗ Nhất Hoàng ប្រធានទីភ្នាក់ងារវិនិយោគបរទេសរបស់ក្រសួងផែនការ និងវិនិយោគ បានមានប្រសាសន៍ថា ក្រុមហ៊ុន Synopsys មកពីសហរដ្ឋអាមេរិក ក៏បានប្រកាសថាខ្លួននឹងជួយបណ្តុះបណ្តាលវិស្វករអគ្គិសនីនៅក្នុងប្រទេសវៀតណាម និងគាំទ្រដល់សួនឧស្សាហកម្មបច្ចេកវិទ្យា HCM City Hi-Tech Park (SHTP) ដើម្បីបង្កើតមជ្ឈមណ្ឌលរចនាបន្ទះឈីបផងដែរ។

លោក Hoàng បានបន្ថែមថា ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំនេះ លំហូរ FDI ចូលប្រទេសវៀតណាមហក់ឡើង ដល់១៧,៤៥ពាន់លានដុល្លារ ពោលគឺកើនឡើង១៥,២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here