ប្រាក់ចំណូលពន្ធរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងហក់ឡើង៣៦ពាន់លានដុល្លារក្នុងរយៈពេល១០ខែ

ដោយ: លាងហួរ

សេអ៊ូល: ទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលបានបង្ហាញនៅថ្ងៃអង្គារនេះថា ប្រាក់ចំណូលពន្ធរបស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើងចំនួន៤៨,២ពាន់ពាន់លានវ៉ុន (ស្មើនឹង៣៦ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល១០ខែដំបូង នៃឆ្នាំ២០២២ ស្របពេលទីផ្សារការងាររបស់ប្រទេសនេះមានភាពប្រសើរឡើងវិញ។

នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន Korea times នៅថ្ងៃទី២៩  ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ប្រាក់ចំណូលពន្ធមានចំនួន៣៥៥,៦ពាន់ពាន់លានវ៉ុន(ប្រហែល២៦៨,៤៨ពាន់លានដុល្លារ) ក្នុងអំឡុងខែមករា ដល់ខែតុលា ធៀបនឹង៣០៧,៤ពាន់ពាន់លានវ៉ុន កាលពីឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងខែតុលា រដ្ឋាភិបាលប្រមូលពន្ធបានចំនួន៣៨,១ពាន់ពាន់លានវ៉ុន ដោយកើនឡើង៥,២ពាន់ពាន់លានវ៉ុន ធៀបនឹងឆ្នាំមុន។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានវាយតម្លៃថា កំណើននៃប្រាក់ចំណូលពន្ធនេះបានជំរុញមកពីទីផ្សារការងារមានភាពប្រសើរឡើង ដែលនាំឱ្យទទួលបានពន្ធលើប្រាក់ចំណូលខ្ពស់។

ប្រទេសកូរ៉េខាងត្បូងបានបង្កើតការងារ ក្នុងរយៈពេល២០ខែជាប់ៗគ្នាក្នុងខែតុលា  ទោះបីជាកំណើននៅតែមានល្បឿនយឺត សម្រាប់ខែទី៥ជាប់ៗគ្នា ស្របពេលមានអត្រាអតិផរណាខ្ពស់។

ប្រទេសកូរ៉េខាងត្បូងក៏ប្រមូលពន្ធសាជីវកម្មបានចំនួន៩៩,៨ពាន់ពាន់លានវ៉ុន ក្នុងរយៈពេល១០ខែដំបូង ដោយកើនឡើង៣២,៥ពាន់ពាន់លានវ៉ុនក្នុងមួយឆ្នាំ។

ចំណែក ការប្រមូលពន្ធពីប្រតិបត្តិការភាគហ៊ុនបានធ្លាក់ចុះ៣,៣ពាន់ពាន់លានវ៉ុន ក្នុងមួយឆ្នាំ ដល់៥,៥ពាន់ពាន់លានវ៉ុន ក្នុងអំឡុងខែមករាដល់ខែតុលា ដោយសារទីផ្សារធ្លាក់ចុះ ស្របពេលមានការរឹតបន្តឹងរូបិយវត្ថុ ក្នុងបណ្តាប្រទេសមានសេដ្ឋកិច្ចធំៗ។

ការប្រមូលពន្ធអាករលើតម្លៃបន្ថែមកើនឡើង៧,៧ពាន់ពាន់លានវ៉ុនក្នុងមួយឆ្នាំ ដល់៧៩,៦ពាន់ពាន់លានវ៉ុន រហូតដល់ខែតុលា ក្នុងឆ្នាំ២០២២នេះ ដែលជំរុញពីការកើនឡើង នៃការចំណាយឯកជន និងការនាំចូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here