កម្ពុជាជំរុញការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នៅខែក្រោយ ដើម្បីឈានទៅសម្រេចជាផ្លូវការ

ដោយ: សហការី

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដោយការចរចាជុំទី២ នៃកិច្ចព្រមព្រៀងនេះនឹងគ្រោងប្រព្រឹត្តទៅក្នុងអំឡុងខែធ្នូខាងមុខ។

កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CAM-UAE CEPA) នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានវត្តមានពីលោករដ្ឋមន្រ្តី ប៉ាន សូរស័ក្ដិ និងក្រុមការងារចរចាអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាច្រើនរូប។

នៅក្នុងអង្គប្រជុំនេះ លោករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារចរចាអន្តរក្រសួង ដឹកនាំដោយលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចា ដែលបានខិតខំប្រឹងប្រែងក្នុងការចរចាជុំទី១នៃកិច្ចព្រមព្រៀង CAM-UAE CEPA កាលពីថ្ងៃទី២៤-២៦ ខែតុលាកន្លងទៅ នៅអេមីរ៉ាតអារ៉ាប់រួម ជាមួយនឹងលទ្ធផលជាផ្លែផ្កា និងវឌ្ឍនភាពវិជ្ជមានគួរឱ្យកត់សម្គាល់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រីបានបន្តថា កិច្ចប្រជុំក៏បានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការចរចាជំពូកនីមួយៗ រួមមាន ពាណិជ្ជកម្មទំនិញនិងសេវាកម្ម វិនិយោគ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កិច្ចសម្រួលពាណិជ្ជកម្ម របាំងបច្ចេកទេសពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ កម្មសិទ្ធិបញ្ញា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសហគ្រាសធុនតូចនិងមធ្យម ។ល។ ដើម្បីអាចទាញប្រយោជន៍សេដ្ឋកិច្ចជាអតិបរមាពីកិច្ចព្រមព្រៀង CAM-UAE CEPA ក្នុងបុព្វហេតុអភិវឌ្ឍន៍ និងទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ។

លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ណែនាំជូនក្រុមការងារចរចា ឱ្យបន្តខិតខំចរចាកិច្ចព្រមព្រៀង CAM-UAE CEPA ដោយប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម ម៉ឹងម៉ាត់ និងទំនួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងនេះតាមការគ្រោងទុកសំដៅបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ រួមមាន អ្នកប្រើប្រាស់ ផលិតករ ធុរជន និងវិនិយោគិន។

ការចរចាជុំទី២ នៃកិច្ចព្រមព្រៀង CAM-UAE CEPA នឹងគ្រោងប្រព្រឹត្តទៅក្នុងអំឡុងខែធ្នូ នៅកម្ពុជា នាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here