អាមេរិកពិចារណាបញ្ជូនអាវុធវាយប្រហារដែលបាញ់បានចម្ងាយរាប់រយគីឡូម៉ែត្រដល់អ៊ុយក្រែន

សុខុម

វ៉ាស៊ីនតោន: មន្ទីរបញ្ចកោណកំពុងពិចារណាសំណើរបស់ក្រុមហ៊ុន Boeing សុំផ្គត់ផ្គង់គ្រាប់បែករ៉ុក្កែតដល់អ៊ុយក្រែន ដើម្បីឱ្យរដ្ឋាភិបាលទីក្រុងគៀវ មានលទ្ធភាពធ្វើការវាយប្រហារខ្សែត្រៀមដែលនៅឆ្ងាយៗរបស់រុស្ស៊ី ខណៈលោកខាងលិច កំពុងប្រឹងប្រែងបំពេញតម្រូវការសព្វាវុធដែលកើនឡើងឥតឈប់ឈរ។

ស្ដុកអាវុធរបស់សហរដ្ឋអាមេរិក និងយោធានសម្ព័ន្ធមិត្តនៅសល់កាន់តែតិចទៅៗ ហើយប្រទេសអ៊ុយក្រែន ក៏ត្រូវការសព្វាវុធកាន់តែទំនើបជាងមុន ខណៈភ្លើងសង្គ្រាមនៅតែបន្តអូសបន្លាយមិនដឹងថ្ងៃណាចប់។  នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៨ ខែវិច្ឆិកា។

ប្រភពបានទម្លាយឱ្យដឹងថា ប្រព័ន្ធគ្រាប់បែករ៉ុក្កែតរបស់ក្រុមហ៊ុន Boeing ដែលមានឈ្មោះថា Ground-Launched Small Diameter Bomb (GLSDB) ជាផែនការមួយក្នុងចំណោមផែនការចំនួន៦នៅក្នុងការផលិតរំសេវផ្ទុះថ្មីៗសម្រាប់ប្រទេសអ៊ុយក្រែន និងបណ្ដាសម្ព័ន្ធមិត្តអឺរ៉ុបខាងកើត របស់សហរដ្ឋអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមឯកសារសម្ងាត់ដែលទីភ្នាក់ងារព័ត៌មាន Reuters ទទួលបាន និងមនុស្ស៣នាក់ដែលដឹងពីផែនការនេះឱ្យដឹងថា ប្រព័ន្ធគ្រាប់បែករ៉ុក្កែត GLSDB អាចនឹងផលិតរួចរាល់សម្រាប់ការប្រគល់ឱ្យអ៊ុយក្រែន នៅត្រឹមរដូវផ្ការីកក្នុងឆ្នាំ២០២៣។

លោក Doug Bush ដែលជាឧបការីកងទ័ពអាមេរិក ទទួលបន្ទុកផ្នែកទិញអាវុធបាទម្លាយប្រាប់ក្រុមអ្នកយកព័ត៌មាននៅមន្ទីរបញ្ចកោណកាលពីសប្ដាហ៍មុនថា កងទ័ពក៏កំពុងព្យាយាមពន្លឿនការផលិតគ្រាប់កាំភ្លើងធំទំហំ 155M តាមរយៈការអនុញ្ញាតឱ្យក្រុមហ៊ុនម៉ៅការទទួលផលិតវាផងដែរ។ បច្ចុប្បន្នគ្រាប់កាំភ្លើងធំបែបនេះត្រូវបានផលិតតែនៅតាមរោងចក្រផលិតអាវុធរបស់រដ្ឋាភិបាលប៉ុណ្ណោះ។

លោក Doug Bush បន្ថែមទៀតថា សង្គ្រាមរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន បានធ្វើឱ្យតម្រូវការអាវុធ និងរំសេវផ្ទុះដែលផលិតដោយអាមេរិក កើនឡើងខ្ពស់ ខណៈបណ្ដាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបខាងកើត កំពុងបញ្ជាទិញសព្វាវុធចម្រុះយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែន ដើម្បីវាយទប់ទល់នឹងប្រទេសរុស្ស៊ី៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here