រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជួបជាមួយប្រធានសមាគមធុរកិច្ចថៃ-កម្ពុជាដើម្បីសម្របសម្រួលពាណិជ្ជកម្មទ្វេរភាគី

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិបានអនុញ្ញាតជូន លោក Voratat Tantimongkolsuk ប្រធានសមាគមធុរកិច្ចថៃ-កម្ពុជា ទើបតែងតាំងថ្មី ដើម្បីពង្រឹង និងសម្រួលពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាការទាញយកអត្ថប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ និងទ្វេភាគីកម្ពុជា។

លោករដ្ឋមន្រ្តី បានសម្ដែងការសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជើញមកទស្សនកិច្ចស្វែងយល់ និងចាប់យកនូវកាលានុវត្តភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅរបស់គណៈប្រតិភូថៃនៅពេលនេះ។ លោកបន្តថា តាមរយៈដំណើរទស្សនកិច្ចនេះ នឹងជួយឱ្យ លោកប្រធាន និងគណៈប្រតិភូ ជ្រាបច្បាស់ថែមទៀតពីសក្តានុពលរបស់កម្ពុជា នាពេលបច្ចុប្បន្ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានធ្វើកំណែទម្រង់ការផ្តល់សេវាសាធារណៈ និងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ការចុះបញ្ជីក្រុមហ៊ុន និងការចុះបញ្ជីម៉ាក ឱ្យកាន់តែមានភាពងាយស្រួល មានតម្លាភាព និងប្រសិទ្ធភាព។ លោកក៏បានលើកទឹកចិត្ត ដល់គណៈប្រតិភូសមាគមធុរកិច្ចថៃ-កម្ពុជា ប្រើប្រាស់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងដៃគូសេដ្ឋកិច្ច ដែលកម្ពុជាជាសមាជិក ជាពិសេសកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA)និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ជាដើម។

ជាមួយគ្នានេះ លោក Voratat Tantimongkolsuk ប្រធានសមា​គមធុរកិច្ចថៃ-កម្ពុជា បានថ្លែងអំណរគុណ និងសម្ដែងនូវសេចក្ដីរីករាយ ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅរបស់ លោករដ្ឋមន្រ្តី ក្នុងការចំណាយពេលវេលាដ៏មមាញឹកទទួលជួបគណៈប្រតិភូធុរកិច្ចថៃ នាពេលនេះ។

លោកបានបន្តថា គោលបំណងនៃទស្សនកិច្ច របស់គណៈប្រតិភូសមា​គមធុរកិច្ចថៃ-កម្ពុជានាពេលនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីការបង្កើនឱកា​សពាណិជ្ជកម្ម វិនិយោគ ពង្រីកបណ្តាញទីផ្សារ រវាងប្រទេសទាំងពីរបន្ថែមទៀត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here