ធនាគារពិភពលោកៈជំងឺរាតត្បាតបំផ្លាញវឌ្ឍនភាពរបស់កម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ

ដោយៈ លក្ខិណា

ភ្នំពេញៈ របាយការណ៍មួយដែលចេញផ្សាយដោយធនាគារពិភពលោកនៅថ្ងៃទី២៨ វិច្ឆិកា២០២២នេះបង្ហាញថា អត្រាភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះសឹងតែពាក់កណ្តាល ក្នុងចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១៩ ប៉ុន្តែដោយការរាតត្បាតជំងឺកូវីដ-១៩ បានធ្វើឱ្យអត្រាភាពក្រីក្រនេះបានកើន​ឡើងវិញក្នុងពេលថ្មីៗនេះ។

របាយការណ៍វាយតម្លៃភាពក្រីក្រក្រោមចំណងជើង “ស្តារសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានភាពបរិយាបន្ននិងភាពធន់ជាងមុន” របស់ធនាគារពិភពលោកបានឱ្យដឹងថា នៅក្នុងរយៈពេល១០ឆ្នាំ គិតមកដល់ឆ្នាំ២០១៩/២០២០ អត្រាភាពក្រីក្ររបស់កម្ពុជាបានធ្លាក់ចុះ ពីកម្រិត៣៣,៨ភាគរយ មកនៅត្រឹម១៧,៨ភាគរយ ដោយជួយឱ្យប្រជាជនកម្ពុជាជិត២លាននាក់បានរួចផុតពីភាពក្រីក្រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប៉ុន្តែចាប់តាំងពីឆ្នាំ២០២០មក អត្រានេះបានកើនឡើង ២,៨ភាគរយ  ដែលមានន័យថា ប្រជាជនប្រហែល៤៦០,០០០នាក់ បានធ្លាក់ទៅស្ថិតនៅក្រោមកម្រិតប្រាក់ចំណូលនៃភាពក្រីក្រវិញ។

ចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ ជាទសវត្សរ៍ដែលប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចឥតឈប់ឈរ និងការកើនឡើងនៃប្រាក់ចំណូ លយ៉ាងទូលំទូលាយ។ ការពង្រីកសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស រួមផ្សំជាមួយនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធ បាននាំឱ្យមានការកើនឡើងប្រាក់ឈ្នួល និងកម្រិតជីវភាពរស់នៅកាន់តែប្រសើរ។

របាយការណ៍បានរកឃើញថា ការកើនឡើងប្រាក់ចំណូលមិនមែនកសិកម្ម ជាឧទាហរណ៍ នៅក្នុងវិស័យទេសចរណ៍ កាត់ដេរ និងសំណង់ មានចំណែកធំ ក្នុងការកាត់បន្ថយភាពក្រីក្រ។ កំណើនដែលនាំមុខដោយពាណិជ្ជកម្ម និងការវិនិយោគ បានជួយទ្រទ្រង់ដល់ការផ្លាស់ប្តូរជារចនាស ម្ព័ន្ធ ឆ្ពោះទៅរកវិស័យមានផលិតភាពកាន់តែខ្ពស់ ជួយបង្កើតបានការងារដែលមានប្រាក់ខែកាន់តែប្រសើរ នៅក្នុងផ្នែកផលិតកម្ម និងផ្នែកសេវាកម្ម។ កម្មករមានលទ្ធភាពផ្លាស់ចេញ ពីវិស័យកសិកម្មដែលមានប្រាក់កម្រៃទាប ទៅធ្វើការនៅតាមវិស័យ ដែលមានប្រាក់កម្រៃខ្ពស់ជាង និងបង្កើនប្រាក់ចំណូលរបស់ពួកគេ។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា ទន្ទឹមគ្នានេះដែរ លក្ខខណ្ឌជីវភាពនិងលទ្ធភាពទទួលបានសេវាមូលដ្ឋាន មានដូចជា អគ្គិសនី ការផ្គត់ផ្គង់ទឹកស្អាត អនាម័យ សុខភាព និងការអប់រំជាដើម មានភាពប្រសើរឡើងសម្រាប់មួយភាគធំ នៅក្នុងចំណោមប្រជាជនទូទៅ។ ការកែលម្អនៃស្ថានភាពនេះបានធ្វើឱ្យគម្លាត រវាងស្តង់ដាជីវភាពរបស់គ្រួសារនៅទីជនបទ និងនៅទីប្រជុំជនរួមតូចជាងមុន។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា “កិច្ចខិតខំជំរុញឱ្យមានការផ្លាស់ប្តូជារចនាសម្ព័ន្ធ បានជួយកាត់បន្ថយភាពក្រីក្រ ក្នុងរយៈពេលកន្លងមក។ ប៉ុន្តែទន្ទឹមនឹងជោគជ័យគួរឱ្យកត់សម្គាល់នេះ គ្រួសារជាច្រើនស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះនៅឡើយ ដោយសារពួកគេមិនសូវមានប្រាក់សន្សំ ឬគ្មានសំណាញ់ការពារផ្នែកសង្គម”។ លោកស្រីបន្តថា “ត្រង់នេះមានន័យថា ជំងឺកូវីដ-១៩ បានរុញថយក្រោយវិញនូវវឌ្ឍនភាពរបស់កម្ពុជាក្នុងការប្រយុទ្ធនឹងភាពក្រីក្រ ដោយធ្វើឱ្យប្រជាជនជាច្រើន បានបាត់បង់ការងារនិងប្រាក់កម្រៃ”។

របាយការណ៍នេះលើកអនុសាសន៍ថា កម្ពុជាគួរពិចារណាលើអន្តរា​គមន៍ផ្នែកគោលនយោបាយមួយចំនួន ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ ប្រកបដោយបរិយាបន្ន និងធន់ជាងមុន ពីការប៉ះទង្គិចរបស់ជំងឺរាតត្បាត និងវិបត្តិសេដ្ឋកិច្ចដែលមានមកជាមួយវា។ អន្តរាគមន៍ទាំងនោះអាចរួមមាន ការផ្ទេរសាច់ប្រាក់តាមគោលដៅកំណត់ វិធានការពង្រឹងកិច្ចគាំ​ពារសង្គម និងការវិនិយោគលើវិស័យសុខាភិបាល និងការអប់រំ ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here