រដ្ឋាភិបាលកម្ពុជាផ្តល់អាហារូបករណ៍រាប់ពាន់កន្លែងក្នុងវិស័យជំនាញ បច្ចេកវិទ្យាឌីជីថល

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្នុងគោលដៅលើកកំពស់កំឡាំងពលកម្មជំនាញ ស្របតាមបរិបទនៃឧស្សាហកម្ម4.0 រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសផ្តល់អាហារូបករណ៍រាប់ពាន់កន្លែងដល់និស្សិតវ័យក្មេងកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី ការលើកកម្ពស់ការកសាងសមត្ថភាពជំនាញឌីជីថល តាមរយៈកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគ​មនាគមន៍ ផ្តល់អាហារណ៍រាប់ពាន់កន្លែង ជូនដល់សិស្សបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ មន្ត្រីរាជការ បុគ្គលិកស្ថាប័នរដ្ឋ និងឯកជន និងសាធារណជន។

សេចក្តីប្រកាសព័ត៌មាន ដែលបានចេញផ្សាយទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានសសេរថា ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើការកសាងធនធានមនុស្សឆ្នើម និងអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថល សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់ “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ – Techo Digital Talent Scholarship” តាមរយៈក្រសួងប្រៃសណីយ៍ សម្រាប់សិក្សាថ្នាក់បរិញ្ញា​បត្រជំនាញបច្ចេកវិទ្យាឌីជីថល តាំងពីឆ្នាំ ២០២០មក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កន្លងមក កម្មវិធីអាហារូបករណ៍នេះ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដោយទទួលបានសិស្សចំនួន២៥០នាក់ ជ្រើសរើសចេញពីសិស្សឆ្នើមទូទាំងប្រទេស។

ទន្ទឹមនឹងនេះ ក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេ​សរបស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកាកន្លងទៅ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ជំរុញឱ្យមានការបណ្តុះបណ្តាលធនធានមនុស្សជំនាញ ជាពិសេសលើជំនាញបច្ចេកវិទ្យាឌីជីថល និងដោយពិនិត្យឃើញពីភាពជោគជ័យ  នៃកម្មវិធីអាហារូបករណ៍ ព្រមទាំងដើម្បីផ្តល់ឱកាស ដល់សិស្សបញ្ចប់ការសិក្សានៅវិទ្យាល័យ មន្ត្រីរាជការ បុគ្គលិកស្ថាប័នរដ្ឋ និងឯកជន និងសាធារណជន ឱ្យទទួលបាននូវចំណេះដឹងនិងការពង្រឹងសមត្ថភាពបន្ថែមទៀត លើជំនាញបច្ចេកវិទ្យាឌីជីថល កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ គ្រោងនឹងផ្តល់អាហារូបករណ៍ជាច្រើនកន្លែងនៅឆ្នាំ២០២៣ លើជំនាញឌីជីថល រួមមាន ថ្នាក់បរិញ្ញា​បត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន៣០០-៥០០នាក់ នៅគ្រឹះស្ថានអប់រំក្នុងប្រទេសនិងក្រៅប្រទេស។

វគ្គបណ្តុះបណ្តាលអ្នកជំនាញឌីជីថល រយៈពេល ៣ខែទៅ១ឆ្នាំ ចំនួន ១ ០០០ – ២០០០នាក់ និងវគ្គបណ្តុះបណ្តាលមន្ត្រីរាជការលើជំនាញឌីជីថល សម្រាប់បង្កើនប្រសិទ្ធភាពការងារ ចំនួន២០០០ ទៅ៥ ០០០នាក់។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់បន្ថែមថា សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធ នឹងការដាក់ពាក្យស្នើសុំអាហារូបករណ៍ខាងលើ ទាំងនេះ ក្រសួងនឹងជូនដំណឹងជាបន្តបន្ទាប់នាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here