ដោយ: លាងហួរ
បាងកក: រដ្ឋាភិបាលថៃគ្រោងបង្កើតមជ្ឈមណ្ឌលសេវាកម្មច្រកចេញចូលតែមួយថ្មី ដើម្បីជំរុញលំហូរវិនិយោគផ្ទាល់ពីបរទេស និងការចំណាយលើការសាងសង់ទីស្នាក់ការកណ្តាលអន្តរជាតិ និងការិយាល័យក្នុងតំបន់។
លោក Narit Therdsteerasukdi អគ្គលេខាធិការនៃការិយាល័យក្រុមប្រឹក្សាវិនិយោគ (BOI) បានមានប្រសាសន៍ថា មជ្ឈមណ្ឌលថ្មីនេះនឹងបម្រើជាផលប្រយោជន៍របស់ប្រទេស ក្នុងការទាក់ទាញការវិនិយោគ ក៏ដូចជាការលុបបំបាត់របាំងពាណិជ្ជកម្ម និងការវិនិយោគ។
ប្រព័ន្ធសេវាច្រកចេញចូលតែមួយថ្មីនេះ នឹងស្ថិតក្នុងរបៀបវារៈនៅក្នុងកិច្ចប្រជុំលើកដំបូង នៃអនុគណៈកម្មាធិការស្តីពី ការដោះស្រាយឧបសគ្គ និងការសម្របសម្រួលការវិនិយោគ ក្រោមការដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រីថៃលោក Supattanapong Punmeechaow ដែលគ្រោងធ្វើឡើងនៅពាក់កណ្តាលខែធ្នូខាងមុខ។
រដ្ឋាភិបាលបានអនុម័ត បង្កើតអនុគណៈកម្មាធិការ កាលពីដើមខែនេះ ដើម្បីសហការជាមួយការិយាល័យនាយករដ្ឋមន្ត្រី និងទីភ្នាក់ងាររដ្ឋដទៃទៀត។
ក្រុមថ្មីនេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងបម្រើជាយន្តការពិសេសមួយ ដើម្បីសម្រួលដល់ការធ្វើអាជីវកម្ម ក្នុងប្រទេសដោយដោះស្រាយបញ្ហាឧបសគ្គជាក់លាក់ ដែលលើកឡើងដោយវិនិយោគិន។
បច្ចុប្បន្ននេះក្រុមវិនិយោគិនបរទេស ត្រូវទាក់ទងភ្នាក់ងាររដ្ឋាភិបាលចំនួន៤ដូចជាការិយាល័យក្រុមប្រឹក្សាវិនិយោគ (BOI) នាយកដ្ឋានចំណូល នាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម និងធនាគារថៃ ដើម្បីស្នើសុំការអនុម័តលើការវិនិយោគរបស់ពួកគេ។
មជ្ឈមណ្ឌលសេវាកម្មច្រកចេញចូលតែមួយថ្មីនេះ នឹងសម្រួលការទំនាក់ទំនងឱ្យសល់ត្រឹមតែមួយ គ្របដណ្តប់លើកម្មវិធីជំរុញ ការវិនិយោគ កម្មវិធីអនុញ្ញាតការងារ ការចុះឈ្មោះអាជីវកម្ម និងការបើកគណនីសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ៕