ខេត្តព្រះសីហនុបញ្ចប់ការបិទព្រឹត្តិការណ៍កីឡាចំនួន២ប្រភេទ

ដោយៈ ម៉ាលីនណា

       ព្រះសីហនុៈ លោកណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងលោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបិទការប្រកួតកីឡាម៉ូតូទឹកកម្ពុជា និងកីឡាទូកក្តោងក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣។

លោកណុះ ស្លេះបានមានប្រសាសន៍លើកឡើងក្នុងពិធីបិទការប្រកួតកីឡាលើទឹកទាំងពីរប្រភេទកាលពីចុងសប្តាហ៍មុនថា វិញ្ញាសារកីឡាករម៉ូតូទឹក មានកីឡាមកពីរាជធានី ខេត្ត និងក្រសួងចំនួន៧ មាន៥វិញ្ញាសារ មានកីឡាសរុប៩៥នាក់ ក្នុងនោះក្រសួងមហាផ្ទៃ ទទួលបានមេដាយមាស២ និងប្រាក់២ រាជធានីភ្នំពេញប្រាក់១ សំរិទ្ធ២ កំពតមាស១ សំរិទ្ធ២ កោះកុងមាស១ ប្រាក់១ កែប សូន្យមេដាយ កណ្ដាលប្រាក់១ និងខេត្តព្រះសីហនុមេដាយមាស១សំរិទ្ធ២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិញ្ញាសារទូកក្តោងមានកីឡាក កីឡាការីនីចូលរួមសរុប៤៧នាក់ មកពីរាជធានី ខេត្ត និងក្រសួងចំនួន៧ ប្រកួត៤វិញ្ញាសារ ទទួលបានមេដាយមាស៤នាក់ ប្រាក់៤នាក់ និងសំរិទ្ធ៤នាក់។

ជាមួយគ្នានេះ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសា​សន៍បិទការប្រកួតកីឡាម៉ូតូទឹកកម្ពុជា និងកីឡាទូកក្តោងនៅខេត្តព្រះសីហនុ ដោយកោតសរសើរគណៈកម្មការរៀបចំ ការប្រកួតកីឡាទាំងពីរ ប្រព្រឹត្តទៅប្រកបដោយសុក្រឹតភាព និងទទួលលទ្ធផលវិជ្ជមាន។ លោកបន្តថា ក្រោមម្លប់សន្តិភាព ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យពិសេសវិស័យកីឡា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ស្របតាមចក្ខុវិស័យក្នុងការលើកកម្ពស់វិស័យ​កីឡាដោយផ្ធែកលើគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាឆ្ពោះទៅឆ្នាំ២០២៣ ធ្វើឡើងដើម្បី ទី១ ពង្រឹងដុះខាត់ និងសាកល្បងសមត្ថភាពកីឡាករ និងគុណផលកីឡាសម្រាប់ដណ្តើមមេដាយឆ្នាំ២០២៣ ទី២ វាស់ស្ទង់គណៈកម្មការបច្ចេកទេស គ្រូបង្វឹករៀបចំព្រឹត្តិ​ការណ៍ ត្រៀមធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។

ទី៣ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្ពុជា បង្ហាញពីការចាប់ផ្តើមសេដ្ឋកិច្ចសង្គមឡើងវិញ ទី៤ សាកល្បងសមត្ថភាពកងកម្លាំង ដើម្បីត្រៀមខ្លួនទៅកាន់ស៊ីហ្គេម។

លោកបញ្ជាក់ថា “លទ្ធផលនៃការប្រកួតទាំងពីរនេះ បង្ហាញកាន់តែច្បាស់ អំពីសមត្ថភាពរបស់កីឡាករ កីឡាការិនី ព្រមទាំងគណៈកម្មការបច្ចេកទេស ក្នុងការត្រៀមខ្លួនចូលរួមរៀបចំ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here