ប្រាក់ចំណេញរបស់បណ្តាក្រុមហ៊ុនឧស្សាហកម្មធំៗរបស់ប្រទេសចិន បានដាំក្បាលចុះក្នុងរយៈពេល១០ខែ

ដោយ: លាងហួរ

ប៉េកាំង: យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញឱ្យដឹងនៅថ្ងៃអាទិត្យនេះថា ប្រាក់ចំណេញរបស់បណ្តាក្រុមហ៊ុនឧស្សាហកម្មធំៗរបស់ប្រទេសចិន បានធ្លាក់ចុះ៣ភាគរយ ពីមួយឆ្នាំទៅមួយ​ឆ្នាំក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២២នេះ។

ទិន្នន័យពី NBS បានបង្ហាញថា ប្រាក់ចំណេញសរុបរបស់បណ្តាក្រុមហ៊ុនឧស្សាហកម្ម ដែលមានប្រាក់ចំណូលអាជីវកម្មចម្បងប្រចាំឆ្នាំ យ៉ាងហោចណាស់២០លានយ័ន (ប្រហែល២,៨លានដុល្លារអាមេរិក)បានធ្លាក់ចុះមកត្រឹម ប្រហែល៦,៩៨ពាន់ពាន់លានយ័នក្នុងរយៈពេល១០ខែ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រាក់ចំណូលសរុបបញ្ចូលគ្នា នៃក្រុមហ៊ុនទាំងនោះបានរក្សាកំណើនប្រកបដោយនិរន្តរភាពក្នុងអំឡុងពេលនោះ ដោយកើនឡើង៧,៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់ទំហំទឹកប្រាក់១១១,៧៨ពាន់ពាន់លានយ័ន។

បណ្តាឧស្សាហកម្មធំៗចំនួន១៩ ក្នុងចំណោមឧស្សាហកម្មធំៗចំនួន៤១ បានទទួលកំណើននៃប្រាក់ចំណេញ នៅក្នុងអំឡុងខែមករាដល់ខែតុលា។

ប្រាក់ចំណេញក្នុងវិស័យប្រេង និងឧស្ម័នកើនឡើង១,១ដង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈប្រាក់ចំណេញពីឧស្សាហកម្មរុករករ៉ែធ្យូងថ្ម និងលាងសម្អាតបានកើនឡើង៦២ភាគរយ។

លោក Zhu Hong អ្នកស្ថិតិជាន់ខ្ពស់ របស់ការិយាល័យស្ថិតិជាតិ បានកត់សម្គាល់ថា ទោះបីជាមានការធ្លាក់ចុះ នៃប្រាក់ចំណេញក៏ដោយ ប៉ុន្តែរចនាសម្ព័ន្ធប្រាក់ចំណេញអាជីវកម្ម របស់ក្រុមហ៊ុនឧស្សាហកម្មនៅតែបន្តប្រសើរឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here